|

សហរដ្ឋអាមេរិក គ្រោងហៅអ៊ីស្រាអែល និងលីបង់ ចូលតុចរចានៅសប្តាហ៍ក្រោយនេះ! ដោយមិនចង់ឲ្យគំរាមកំហែងដល់បទឈប់បាញ់២សប្ដាហ៍រវាងអាមេរិក-អ៊ីរ៉ង់ បន្តទៀត!


កាលពីថ្ងៃទី៩ ខែមេសា សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាង អ៊ីស្រាអែល និង លីបង់ នៅសប្តាហ៍ក្រោយ នៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កាន់តែគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយរវាង សហរដ្ឋអាមេរិក និង អ៊ីរ៉ង់។

មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការចរចាបទឈប់បាញ់ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សាថ្មីៗនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាឱ្យមានការចរចាដោយផ្ទាល់ជាមួយភាគីលីបង់។

ការវាយប្រហារ ដ៏ធ្ងន់ធ្ងររបស់អ៊ីស្រាអែលលើលីបង់ កាលពីថ្ងៃទី៨ ខែមេសា ត្រូវបានរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០៣ នាក់ និងរបួសជាង ១,១៥០ នាក់ ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីក្រុម Hezbollah បានចូលរួមក្នុងជម្លោះនៅតំបន់នេះកាលពីដើមខែមីនា។ ស្ថានការណ៍នេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិថា វាអាចបំផ្លាញបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលទើបតែបានព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់។

ខាងលីបង់បានបង្ហាញជំហរថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយឡើយ ប្រសិនបើមិនមានបទឈប់បាញ់ជាមុនសិន ចំណែកឯមន្ត្រីរដ្ឋាភិបាលលីបង់ម្នាក់ បានលើកឡើងថា “ការធានាសុវត្ថិភាពសម្រាប់ប្រជាជនគឺជាលក្ខខណ្ឌសំខាន់មុនការចាប់ផ្តើមចរចា”។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម លោក Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តវាយប្រហារលើក្រុមហេសបូឡា «គ្រប់ទីកន្លែងដែលចាំបាច់» ដើម្បីការពារជនស៊ីវិលរបស់ខ្លួន។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា ការព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីរ៉ង់គឺជាជំហានសំខាន់ក្នុងការបង្កើតសន្តិភាពនៅតំបន់ ប៉ុន្តែការវាយប្រហារថ្មីៗនេះបានបង្ហាញថា “ស្ថានភាពនៅតែមានភាពមិនប្រាកដប្រជា” ហើយជាការល្អ គឺត្រូវបញ្ឈប់សង្គ្រាមអ៊ីស្រាអែលបន្ថែមទៀត។

ប្រភព៖ CNA