|

កម្មវិធីសាកល្បងប្រាក់ធានាទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក សម្រាប់កម្ពុជា ចាប់អនុវត្តចាប់ពីថ្ងៃទី ២ ខែ មេសា ដោយតម្រូវឲ្យដាក់ប្រាក់ធានារហូតដល់ ១៥០០០ ដុល្លារ


ចាប់ពី ថ្ងៃ២ ខែ មេសា នេះតទៅ កម្ពុជា នឹងចូលរួមកម្មវិធីសាកល្បងប្រាក់ធានាទិដ្ឋាការ សម្រាប់បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ ១៥០០០ ដុល្លារ សហរដ្ឋអាមេរិក មុនពេលទិដ្ឋាការអាចចេញជូនបាន។

ជាមួយគ្នានេះ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។

ចំពោះលក្ខខណ្ឌនេះ មិនអនុវត្តចំពោះបេក្ខជន ដែលបានទទួលទិដ្ឋាការ B1/B2 មានសុពលភាព និងបានចេញមុនថ្ងៃ២ ខែ មេសា ទេ។ យ៉ាងណាមិញ សូមកុំបង់ប្រាក់ធានាមុនពេលសម្ភាសន៍ ព្រោះការបង់ប្រាក់មុនមិនធានាឲ្យអ្នកទទួលបានទិដ្ឋាការនោះទេ ហើយគេហទំព័រផ្សេងក្រៅពីគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាគេហទំព័របោកប្រាស់។ ប្រាក់ដែលបានបង់មុនថ្ងៃសម្ភាសន៍មិនអាចដកវិញបានទេ។

គួរបញ្ជាក់ថា សិស្ស និស្សិតដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការ F ឬ M មិនតម្រូវឲ្យដាក់ប្រាក់ធានាទិដ្ឋាការនោះទេ។ ការបង់ប្រាក់ធានានេះ គឺសម្រាប់តែបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ។

ប្រភព៖ U.S Embassy Phnom Penh, Cambodia