| |

ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ឆ្នាំ២០២៦ នឹងនាំយកនូវផ្ទាំងទស្សនីយភាពចម្រុះ ១៦ទម្រង់ផ្សេងៗគ្នា ដែលរួមបញ្ចូលទាំងសិល្បករទូទាំងប្រទេស និងប្រពៃណីជាតិខ្មែរ មកសម្ដែងជូនបងប្អូនប្រជាពលរដ្ឋទស្សនា ក្នុងរយៈពេល ៦ថ្ងៃ!


នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ពិធីសំពះគ្រូ របស់ក្រុមការងារទស្សនីយភាពចម្រុះនៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានប្រព្រឹត្តទៅនៅសាលមហោស្រពភិមានអាកាស សាលាមធ្យមវិចិត្រសិល្បៈ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ វីរៈ សមាជិកគណៈអចិន្រ្តៃយ៍ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៍ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៍ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធាចារ្យសិល្បៈ ក្រុមការងារ ស.ស.យ.ក. សិល្បករ សិល្បការិនី សិស្ស និស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ សរុបប្រមាណជាង២០០ នាក់។

ពិធីសំពះគ្រូ គឺជាកិច្ចបែបសាសនា ជំនឿបុរាណខ្មែរមួយ ដែលអ្នកសិល្បៈតែងគោរពប្រតិបត្តយូរលង់មកហើយ ដោយរាល់ពេលដែលមានការសម្តែងធំៗ គេតែងតែធ្វើការរំលឹកនឹកគុណដល់គ្រូបាធ្យាយ ដែលជាអ្នកបង្កើតស្នាដៃ ក៏ដូចជាអ្នកបីបាច់ថែរក្សា ឧបករណ៍ភ្លេង គ្រឿងសម្តែងទាំងឡាយ សូមលោកយាងមកប្រោសព្រុំពរជ័យ ដល់ការសម្តែងឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ព្រមទាំងការសាទរពីទស្សនិកជនគ្រប់ទិសទី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានត្រៀមផ្ទាំងទស្សនីយភាពចម្រុះចំនួន ១៦ទម្រង់ផ្សេងៗគ្នា ដើម្បីយកមកសម្តែងប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៦ថ្ងៃ មកសម្ដែងជូនបងប្អូនប្រជាពលរដ្ឋទស្សនាដោយមានការចូលរួមពីសិល្បៈករ ជាង៦០០ នាក់ ដែលមកពីមជ្ឈដ្ឋានចម្រុះរួមមាន៖ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ នងិវិចិត្រសិល្បៈរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងសមាគមសិល្បៈនានា ដូចជា សមាគមសិល្បករខ្មែរ សាលាសិល្បៈនរោត្តមបុប្ផាទេវី សមាគមសុវណ្ណភូមិ ក្រុមល្ខោនខោលវត្តស្វាយអណ្តែត ក្រុមល្ខោនពោលស្រី វត្តកៀនស្វាយក្រៅ សមាគមចាប៉ីអមតៈ ក្រុមល្ខោនបាសាក់ ភី សុគន្ធី ព្រមទាំងសិល្បៈករឯករាជ្យជាច្រើនផ្សេងទៀត។ នេះជាការរួមបញ្ចូលគ្នាដ៏ធំមួយ នៃសិល្បករទូទាំងប្រទេស ដែលបានរួមគ្នាបង្កើតផ្ទាំងទស្សនីយភាពដ៏សំបូរបែបជាច្រើនទម្រង់ ជូនបងប្អូនទស្សនាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។