|

ឯកឧត្ដម លី​ ធុជ​ ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ ការ​បោសសម្អាត​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​បន្សល់​ទុក​ដោយ​យោធា​ថៃ​​ និងចក្ខុ​វិស័យមួយ ​ឆ្ពោះ​ទៅ​រក​កម្ពុជា​ដែលគ្មាន​មីន!


ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។​

ដោយឡែក សមិទ្ធផលទាំង​នេះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ក៏បាន​លេីក​ឡេីងនូវ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កេីត​មាន​ឡេីង​ដោយ​សារ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដែល​នៅ​សេសសល់​ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ ដែល​មាន​ភាព​ស្មុគស្មាញ​ និង​មានផល​ប៉ះពាល់​ខ្លាំង​ ក៏ដូច​ជា​បានបន្សល់​ទុកបន្ថែម​ដោយ​កម្លាំង​យោធា​ថៃ​ កាល​ពី​សង្រ្គាម​កម្ពុជា​-ថៃ​ពីរ​លេីក​ក្នុង​ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ​។

យ៉ាងណាមិញ ដេីម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​គូសបញ្ជាក់​ជូន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ពី​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់​លាស់​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម​។

ក្នុង​ឱកាស​នោះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បាន​ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​គាំទ្រ​ដល់​ការ​បោសសម្អាតមីន​ដែល​ទេីប​ស្រាវជ្រាវ​រកឃើញ​ថ្មី​ និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដែល​បន្សល់​ក្នុង​សង្រ្គាម​កម្ពុជា​-ថៃ​ កាល​ពី​ឆ្នាំ​២០២៥។

ប្រភព៖ អាជ្ញាធរមីន