|

ប្រទេសជប៉ុន ប្រកាសបញ្ចេញប្រេងពីទុនបម្រុងជាតិ ចំនួនធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ស្កាត់ហានិភ័យកង្វះខាតថាមពល!


ប្រទេសជប៉ុន បានប្រកាសថានឹងចាប់ផ្តើមបញ្ចេញប្រេងពីទុនបម្រុងយុទ្ធសាស្ត្រជាតិចំនួនធំបំផុតមិនធ្លាប់មាន ដើម្បីទប់ស្កាត់ហានិភ័យកង្វះខាតថាមពល ដែលអាចកើតឡើងពីភាពតានតឹងនយោបាយនៅតំបន់មជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រី Sanae Takaichi បានឱ្យដឹងថា ប្រេងប្រហែល ៨០ លានបារ៉ែល ស្មើនឹងតម្រូវការប្រើប្រាស់ក្នុងស្រុករយៈពេល ៤៥ ថ្ងៃ នឹងត្រូវផ្គត់ផ្គង់ទៅក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុក។ ការបញ្ចេញនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានអនុម័តការបញ្ចេញប្រេងពីទុនបម្រុងវិស័យឯកជនរយៈពេល ១៥ថ្ងៃ ក្នុងបរិបទក្តីព្រួយបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ា អាចរំខានដល់ចរាចរណ៍ដឹកជញ្ជូនប្រេងតាម ច្រកសមុទ្រ Hormuz ដែលជាច្រកសំខាន់សម្រាប់ការនាំចេញប្រេងសកល។

គួរឲ្យដឹងថា ប្រទេសជប៉ុន ពឹងផ្អែកលើការនាំចូលប្រេងឆៅជាង ៩០% ពីតំបន់មជ្ឈិមបូព៌ា ត្រូវបានគេចាត់ទុកថាជាប្រទេសងាយរងគ្រោះខ្លាំងបំផុត ប្រសិនបើមានការរាំងស្ទះលំហូរប្រេង។

ទាក់ទងនឹងស្ថានការណ៍យោធា នាងបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយសង្គ្រាមរបស់ជប៉ុន មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងការពារខ្លួនទៅតំបន់ជម្លោះ ដូចជា ច្រកសមុទ្រ Hormuz ទេ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំស្តុកទំនិញលើសតម្រូវការ ជាពិសេសក្រដាសបង្គន់ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមអំពីការខ្វះខាតនានា។ ស្ថាប័នពាក់ព័ន្ធ បានបញ្ជាក់ថា ការផ្គត់ផ្គង់ក្រដាសបង្គន់នៅក្នុងស្រុកមានស្ថិរភាព ព្រោះជាង ៩៧% នៃផលិតផលនេះត្រូវបានផលិតក្នុងប្រទេស និងមិនពឹងផ្អែកលើវត្ថុធាតុដើមពីមជ្ឈិមបូព៌ាទេ។

អ្នកជំនាញបានព្រមានថា ការភ័យខ្លាចអតិផរណា និងការស្តុកទំនិញលើសកំណត់ អាចនាំឱ្យមានកង្វះខាតបណ្តោះអាសន្នដោយសារតែទម្លាប់អ្នកប្រើប្រាស់ខ្លួនឯង។

ជាមួយគ្នានេះ អាជ្ញាធរជប៉ុនបានអំពាវនាវឱ្យប្រជាពលរដ្ឋទិញតែបរិមាណចាំបាច់ និងផ្អែកលើព័ត៌មានត្រឹមត្រូវ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងជៀសវាងភាពចលាចលក្នុងសង្គម។

ប្រភព៖ The Guardian