ក្រសួងទេសចរណ៍ និងវិស័យឯកជនសហការអភិវឌ្ឍកោះទទឹង ឲ្យក្លាយជាគោលដៅទេសចរណ៍ រួមចំណែកលើកស្ទួយអត្តសញ្ញាណខ្មែរ និងសេដ្ឋកិច្ចកម្ពុជា!
នាព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។



ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយរក្សានូវអត្តសញ្ញាណខ្មែរ ដែលនេះបានឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរ ដែលចេះស្រឡាញ់និងរួបរួមគ្នាក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។
ក្នុងបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅ “កោះទទឹងរីស្សត” ដែលជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកោះកុង។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគ និងអភិវឌ្ឍកោះទទឹងរីស្សត តាមរយៈ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា “កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ ព័ទ្ធជុំវិញដោយធម្មជាតិខៀវស្រងាត់ និងមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍លំហែកាយដ៏ប្រណិត និងឯកជនភាពខ្ពស់។
ប្រភព៖ ក្រសួងទេសចរណ៍















