សម្ព័ន្ធមិត្ត ៦ប្រទេស ត្រៀមចូលរួមធានាសុវត្ថិភាពចរាចរណ៍ តាមច្រកសមុទ្រ Hormuz
ប្រទេសមហាអំណាចអន្តរជាតិចំនួន៦ប្រទេស រួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងហូឡង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែក ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើរតាមច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់សម្រាប់ពាណិជ្ជកម្មសកល។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងនេះបានបញ្ជាក់ថា ពួកគេត្រៀមចូលរួមក្នុង “កិច្ចខិតខំប្រឹងប្រែងសមស្រប” ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ ខណៈពេលដែលស្ថានការណ៍តំបន់ឈូងសមុទ្រកំពុងមានភាពតានតឹងខ្លាំង។ ពួកគេក៏បានស្វាគមន៍ចំពោះប្រទេសនានាដែលកំពុងចូលរួមរៀបចំផែនការដោះស្រាយវិបត្តិនេះផងដែរ។
សម្ព័ន្ធមិត្តទាំង៦ ក៏បានប្រកាសថ្កោលទោស ការវាយប្រហារថ្មីៗរបស់អ៊ីរ៉ង់ថា បានប្រព្រឹត្សកម្មភាពមិនសមរម្យលើនាវាពាណិជ្ជកម្មគ្មានអាវុធនៅក្នុងតំបន់ និងអំពាវនាវឱ្យមានការបញ្ឈប់ភ្លាមៗ នូវសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខនាវាចរណ៍ រួមមានការដាក់មីន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។
យ៉ាងណាក៏ដោយ ប្រទេសអ៊ីតាលី និងអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា គំនិតផ្តួចផ្តើមណាមួយនឹងមិនមែនជាការចូលរួមផ្នែកយោធាភ្លាមៗទេ ប៉ុន្តែអាចកើតមានតែបន្ទាប់ពីមានបទឈប់បាញ់ និងក្របខណ្ឌពហុភាគីដែលមានការគាំទ្រពីអន្តរជាតិតែប៉ុណ្ណោះ។
យោងតាមអង្គការសមុទ្រអន្តរជាតិ មាននាវាប្រមាណ ៣,២០០ គ្រឿង និងនាវិកជាង ២០,០០០ នាក់ ត្រូវបានរាំងខ្ទប់នៅតំបន់ភាគខាងលិចនៃច្រកសមុទ្រ Hormuz។
នៅពេលដូចគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសសម្ព័ន្ធមិត្ត និងអង្គការ NATO ចូលរួមក្នុងការបើកច្រកសមុទ្រនេះឡើងវិញផងដែរ។ ទោះជាយ៉ាងណា ប្រទេសពាក់ព័ន្ធមួយចំនួន បានបដិសេធការចូលរួមយោធាភ្លាមៗ ដោយលើកឡើងពីកម្រិតហានិភ័យខ្ពស់នៃសេដ្ឋកិច្ចតាមតំបន់។
មន្ត្រីការពារជាតិចក្រភពអង់គ្លេសម្នាក់ក៏បានព្រមានថា កម្រិតនៃការគំរាមកំហែងនៅតំបន់នេះនៅតែខ្ពស់ ហើយប្រទេសភាគច្រើនមិនទាន់មានឆន្ទៈក្នុងការបញ្ជូនកងកម្លាំងយោធាចូលទៅក្នុងតំបន់ហានិភ័យខ្ពស់នៅពេលបច្ចុប្បន្ននេះឡើយ។
ប្រភព៖ Global Nation















