យន្តហោះចម្បាំងចិនឈប់ហោះជិតតៃវ៉ាន់ជិតពីរសប្តាហ៍ បង្កការងឿងឆ្ងល់ជាខ្លាំង ក្នុងចំណោមអ្នកវិភាគអន្តរជាតិ!
យោធាតៃវ៉ាន់បានកត់សម្គាល់ភាពស្ងប់ស្ងាត់មិនធម្មតាមួយ បន្ទាប់ពីយន្តហោះចម្បាំងរបស់ចិនបានឈប់ហោះប្រតិបត្តិការនៅជិតកោះតៃវ៉ាន់អស់រយៈពេលជិតពីរសប្តាហ៍ ដែលធ្វើឱ្យអ្នកវិភាគសន្តិសុខជាច្រើនមានការភ្ញាក់ផ្អើល និងកំពុងស្វែងរកពីមូលហេតុ។

ជាទូទៅ កងទ័ពតៃវ៉ាន់តែងតែតាមដានយន្តហោះចម្បាំងរបស់ចិនដែលហោះហើរនៅជិតកោះនេះជាប្រចាំ។ នៅថ្ងៃខ្លះមានតែប៉ុន្មានគ្រឿង ប៉ុន្តែក្នុងថ្ងៃផ្សេងៗ អាចមានច្រើនគ្រឿង។ ទោះយ៉ាងណា សកម្មភាពបែបនេះតែងមានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប៉ុន្តែចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ មក តៃវ៉ាន់បានកត់ត្រារយៈពេល ១៣ ថ្ងៃជាប់គ្នា ដោយមិនមានយន្តហោះចម្បាំងចិនហោះនៅជិតកោះខ្លួនឡើយ។ ករណីលើកលែងតែមួយករណី ដែលកើតឡើងនៅថ្ងៃទី ៦ ខែមីនា នៅពេលយន្តហោះពីរគ្រឿងរបស់ចិន ត្រូវបានរកឃើញនៅភាគនិរតីឆ្ងាយពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
អ្នកវិភាគបានឱ្យដឹងថា នេះគឺជាការផ្អាកសកម្មភាពផ្លូវអាកាសយូរបំផុត ចាប់តាំងពីតៃវ៉ាន់ចាប់ផ្តើមផ្សព្វផ្សាយទិន្ន័យសកម្មភាពយោធាប្រចាំថ្ងៃជាសាធារណៈក្នុងឆ្នាំ ២០២០មក។
លោក Ben Lewis ស្ថាបនិកវេទិកាតាមដានទិន្នន័យយោធា PLATracker បាននិយាយថា ស្ថានភាពនេះមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រថ្មីៗទាក់ទងនឹងសកម្មភាពរបស់ PLA នៅជុំវិញតៃវ៉ាន់ឡើយ។ លោកបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនយន្តហោះចិនដែលហោះនៅជិតតៃវ៉ាន់បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែភាពស្ងប់ស្ងាត់ភ្លាមៗនេះ អាចបង្ហាញពីការផ្លាស់ប្តូរមួយនៅក្នុងគំរូសកម្មភាពយោធា។
ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Wellington Koo បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន មិនគួរទាញសេចក្តីសន្និដ្ឋានលឿនពេកពីភាពស្ងប់ស្ងាត់នេះឡើយ។ លោកបានបញ្ជាក់ថា ទោះបីសកម្មភាពយន្តហោះបានថយចុះក៏ដោយ កងទ័ពជើងទឹកចិននៅតែបន្តប្រតិបត្តិការជុំវិញតៃវ៉ាន់ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតតៃវ៉ាន់យ៉ាងខ្លាំង ដោយក្នុងថ្ងៃខ្លះ តៃវ៉ាន់បានរាយការណ៍ថាមានយន្តហោះចិនរាប់សិបគ្រឿងប្រតិបត្តិការនៅជិតកោះ។ ក្នុងបរិបទនោះ ការបាត់ខ្លួនភ្លាមៗនៃជើងហោះហើរទាំងនេះបានក្លាយជាប្រធានបទដែលអ្នកវិភាគកំពុងតាមដានយ៉ាងជិតស្និទ្ធ ដើម្បីមើលថា “តើស្ថានការណ៍នឹងវិវត្តទៅយ៉ាងដូចម្តេចបន្តទៀត?”។
ប្រភព៖ CNN











