អ៊ីរ៉ង់ព្រមានពិភពលោក ឱ្យត្រៀមប្រឈមនឹងតម្លៃប្រេងឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈកប៉ាល់ដឹកទំនិញជាច្រើននៅតែបន្តរងការវាយប្រហារ
អ៊ីរ៉ង់បានព្រមានថា ពិភពលោកគួរតែត្រៀមខ្លួន សម្រាប់តម្លៃប្រេងដែលអាចឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកងកម្លាំងរបស់ខ្លួនបានបន្តវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់ឈូងសមុទ្រ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានណែនាំឱ្យមានការបញ្ចេញទុនបម្រុងប្រេងសកលជាច្រើន ដើម្បីទប់ស្កាត់វិបត្តិប្រេងធ្ងន់ធ្ងរដែលអាចកើតឡើង។

គួរបញ្ជាក់ថា ជម្លោះដែលបានផ្ទុះឡើង ក្រោយការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិតពីរសប្តាហ៍មុន បានបណ្តាលឱ្យមនុស្សប្រហែល ២,០០០ នាក់ស្លាប់ ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់ ហើយបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពល និងការដឹកជញ្ជូនសកលតាមច្រកសមុទ្រ។
ទោះបីជាសហរដ្ឋអាមេរិក កំណត់ថាសង្គ្រាមនេះ ជាការវាយប្រហារខ្លាំងបំផុតចាប់តាំងពីសង្គ្រាមចាប់ផ្តើមក៏ដោយ ក៏អ៊ីរ៉ង់នៅតែបង្ហាញសកម្មភាពវាយបក ដោយបានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល និងគោលដៅផ្សេងទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃពុធ នាវាពាណិជ្ជកម្មចំនួនបីគ្រឿង ត្រូវបានគេរាយការណ៍ថាត្រូវបានរងការវាយប្រហារនៅក្នុងដែនទឹកឈូងសមុទ្រ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងថា ពួកគេបានបាញ់ទៅលើនាវាណាដែលមិនគោរពបញ្ជារបស់ខ្លួនប៉ុណ្ណោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា “លោកមិនទាន់ត្រៀមខ្លួនបញ្ចប់ប្រតិបត្តិការយោធានៅឡើយទេ” ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវ “បញ្ចប់ការងារ” ជាមុនសិន។ លោកក៏បានអះអាងថា កងកម្លាំងអាមេរិក បានបាញ់ទម្លាក់នាវាចម្បាំងអ៊ីរ៉ង់ចំនួន ៥៨ គ្រឿង ហើយបាននិយាយថា “សមត្ថភាពយោធារបស់អ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ”។
យ៉ាងណាមិញ សហរដ្ឋអាមេរិក ក៏កំពុងតាមដានយ៉ាងជិតស្និទ្ធពីស្ថានភាពនៅ ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ដែលបម្រើប្រហែល មួយភាគប្រាំ នៃការដឹកជញ្ជូនប្រេងពិភពលោក។ ទោះជាយ៉ាងណា មិនមានសញ្ញាច្បាស់ថា កប៉ាល់អាចធ្វើដំណើរឆ្លងកាត់តំបន់នេះដោយសុវត្ថិភាពឡើយ ខណៈអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
នៅលើទីផ្សារពិភពលោក តម្លៃប្រេងដែលធ្លាប់ឡើងជិត ១២០ ដុល្លារក្នុងមួយបារ៉ែល កាលពីដើមសប្តាហ៍មុន បានធ្លាក់ចុះមកជិត ៩០ ដុល្លារ ឥឡូវនេះបានឡើងវិញជិត ៥% ដោយសារកត្តាការរំខានផ្គត់ផ្គង់មិនប្រក្រតី។
ទីភ្នាក់ងារថាមពលអន្តរជាតិ បានណែនាំឱ្យបញ្ចេញប្រេងប្រមាណ ៤០០លានបារ៉ែល ពីទុនបម្រុងសកល ដើម្បីធ្វើឱ្យតម្លៃមានស្ថេរភាព ខណៈសហរដ្ឋអាមេរិកគ្រោងបញ្ចេញប្រេង ១៧២ លានបារ៉ែល ពីទុនបម្រុងរបស់ខ្លួននៅសប្តាហ៍ក្រោយផងដែរ។
ដោយឡែក មន្ត្រីយោធាអ៊ីរ៉ង់បានព្រមានថា ស្ថានភាពអស្ថិរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ា អាចបង្កឱ្យមាន “បញ្ហាសេដ្ឋកិច្ចយូរអង្វែង” ហើយក៏បានអំពាវនាវ ឱ្យពិភពលោកត្រៀមខ្លួនរួចរាល់ សម្រាប់ការឡើងថ្លៃប្រេងខ្ពស់ ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តកើនឡើង។
ប្រភព៖ Reuters











