|

ប្រទេសថៃ ណែនាំឱ្យមន្ត្រីរាជការប្រើប្រាស់ជណ្តើរជើង និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃថាមពល


អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បានចេញសេចក្ដីថ្លែងការណែនាំឱ្យមន្ត្រីរាជការសន្សំសំចៃថាមពល ចំពេលមានការធ្លាក់ចុះនៃថាមពលដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ដោយមានវិធានការជាច្រើនរួមមានការផ្អាកការធ្វើដំណើរទៅក្រៅប្រទេស និងការប្រើប្រាស់ជណ្តើរជើង ជំនួសឱ្យជណ្តើរយន្ត។

បន្ទាប់ពីមានការធ្លាក់ចុះនៃផ្គត់ផ្គង់ថាមពល ដែលបណ្តាលមកពីភាពតានតឹង និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Lalida Periswiwatana បានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានណែនាំឱ្យអនុវត្តវិធានការសន្សំសំចៃថាមពលជាបន្ទាន់ និងបញ្ជាក់ថា “ចាប់ពីថ្ងៃនេះតទៅ មន្ត្រីរាជការ នឹងត្រូវធ្វើការពីផ្ទះ លើកលែងតែអ្នកដែលមានភារកិច្ចចាំបាច់ត្រូវបម្រើសេវាសាធារណៈជនប៉ុណ្ណោះ”។

ដើម្បីធានាការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលខាងមុខ រដ្ឋាភិបាលថៃ កំពុងស្វែងរកប្រភពនាំចូលឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។

ជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក៏កំពុងព្យាយាមកាត់បន្ថយតម្រូវការថាមពលក្នុងស្រុកផងដែរ ដោយកំណត់វិធានការសន្សំសំចៃថាមពលផ្សេងៗរួមមាន កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅចន្លោះ ២៦ ដល់ ២៧ អង្សាសេ, លើកទឹកចិត្តឱ្យមន្ត្រីស្លៀកអាវដៃខ្លី ជំនួសសម្លៀកបំពាក់ផ្លូវការដូចជា ឈុត និងក្រវ៉ាត់ក ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។

យោងតាមគណៈកម្មការបទប្បញ្ញត្តិថៃប្រើប្រាស់ថាមពល ប្រហែល ៦៨% នៃតម្រូវការថាមពលផ្សេងៗ និងត្រូវបានផ្គត់ផ្គង់ដោយឧស្ម័នធម្មជាតិ។ ក្នុងចំណោមនោះ ប្រហែលពាក់កណ្តាលមកពីការផលិតក្នុងស្រុកនៅឈូងសមុទ្រថៃ ខណៈប្រហែល ៣៥% មកពីការនាំចូល ដែលក្នុងនោះ ១៣% មកពីប្រទេសជិតខាងមីយ៉ាន់ម៉ា។

កាលពីដើមខែនេះ ប្រទេសថៃក៏បានផ្អាកការនាំចេញថាមពលទៅប្រទេសភាគច្រើនផងដែរ ដោយលើកលែងតែប្រទេសឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះ។ បន្ថែមពីនេះ មន្ត្រីរដ្ឋាភិបាលថៃ ត្រូវបានណែនាំឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅអគារការិយាល័យ ដោយបិទភ្លើង និងឧបករណ៍អគ្គិសនីនៅពេលមិនចាំបាច់។

ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ក៏បានបញ្ជាក់ថា ប្រសិនបើស្ថានភាពថាមពលកាន់តែធ្ងន់ធ្ងរ ប្រទេសថៃអាចនឹងពិចារណាអនុវត្តវិធានការបន្ថែម ដូចជា ការបិទផ្លាកផ្សាយពាណិជ្ជកម្មតាមហាង រោងកុន និងអាជីវកម្មផ្សេងៗ ព្រមទាំងការបិទស្ថានីយប្រេងឥន្ធនៈនៅម៉ោង ១០យប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។

ប្រភព៖ Reuters