កម្ពុជាព្រួយបារម្ភអំពីសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ានិងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះបន្តប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន
នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ដូចគ្នាដែរ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួល ការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាព របស់ពួកគេ។

ជាមួយគ្នានេះ តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។
ជាថ្មីម្តងទៀត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន ត្រូវបន្តគោរពតាមការ ណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភព៖ ក្រសួងការបរទេស











