តម្លៃប្រេងធ្លាក់ចុះ ២៥% បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ខណៈលោក Trump អះអាងថា “សង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗនេះ”!
តម្លៃប្រេងបានធ្លាក់ចុះ ២៥% នៅដើមថ្ងៃចន្ទ បន្ទាប់ពីការប្រែប្រួលដ៏ខ្លាំងក្លាមួយកាលពីយប់ថ្ងៃអាទិត្យ និងបានធ្វើឱ្យតម្លៃប្រេងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។ មូលហេតុការកើនឡើងយ៉ាងខ្លាំងនេះ ព្រោះជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានធ្វើឱ្យទីផ្សារអន្តរជាតិរង្គោះរង្គើរ។


តម្លៃស្តង់ដារអន្តរជាតិសម្រាប់ប្រេងឆៅប្រភេទ Brent (BZ=F) និងប្រេងឆៅប្រភេទ West Texas Intermediate (CL=F) របស់សហរដ្ឋអាមេរិក បានកើនឡើងខ្លាំងដល់កម្រិត ១១៩ដុល្លារក្នុងមួយបារ៉ែល ក្នុងការជួញដូរកាលពីយប់ថ្ងៃអាទិត្យ។ ផ្ទុយមកវិញ នៅពេលបិទទីផ្សារនៅថ្ងៃចន្ទ ប្រេងប្រភេទ Brent បានកាត់បន្ថយការកើនឡើងទាំងនោះមកត្រឹមប្រហែល ៨៩ដុល្លារ ហើយតម្លៃប្រេង WTI បានធ្លាក់ចុះមកត្រឹម ៨៥ដុល្លារក្នុងមួយបារ៉ែលវិញ បន្ទាប់ពីលោកប្រធានាធិបតី Trump បាននិយាយថា “សង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ”។ នៅពេលដែលតម្លៃប្រេងធ្លាក់ចុះ ភាគហ៊ុនអាមេរិក ដែលបានធ្លាក់ចុះ ក៏កាត់បន្ថយការខាតបង់របស់ពួកគេ។
គួរបញ្ជាក់ថា ជម្លោះអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានធ្វើឱ្យចរាចរណ៍ប្រេងកាតឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប់គាំង។ ប្រេងប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងឆៅតាមសមុទ្ររបស់ពិភពលោក ឆ្លងកាត់ផ្លូវទឹកដែលភ្ជាប់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារអន្តរជាតិដ៏ធំទូលាយជារៀងរាល់ថ្ងៃត្រូវខកខាន។ តាមទិន្នន័យពី Vortexa បង្ហាញថា ប្រេងប្រហែល ១៦លានបារ៉ែលក្នុងមួយថ្ងៃត្រូវបានជាប់គាំងនៅពីក្រោយច្រកសមុទ្រ និងត្រូវបានកាត់ផ្តាច់ចេញពីទីផ្សារពិភពលោក។
អ្នកយុទ្ធសាស្ត្រ Macquarie លោក Vikas Dwivedi បានសរសេរនៅក្នុងកំណត់ចំណាំរបស់អតិថិជនថ្មីៗនេះថា “ការបិទច្រកសមុទ្រ Hormuz ពីរបីសប្តាហ៍នឹងបង្កើតឥទ្ធិពលដូមីណូនៃព្រឹត្តិការណ៍ដែលអាចជំរុញឱ្យប្រេងឆៅឡើងដល់ ១៥០ដុល្លារ ឬខ្ពស់ជាងនេះ”។ ការកើនឡើងនៃតម្លៃប្រេងក៏បានចាប់ផ្តើមប៉ះពាល់ដល់ជនជាតិអាមេរិកនៅស្ថានីយប្រេងផងដែរ។
ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រេង លោកប្រធានាធិបតី Trump កំពុងពិចារណាលើវិធានការជាច្រើនដើម្បីទប់ស្កាត់តម្លៃប្រេងនៅសហរដ្ឋអាមេរិក រួមទាំងការបញ្ចេញប្រេងពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ប្រទេស និងការរឹតបន្តឹងការនាំចេញប្រេងផងដែរ។
ប្រភព៖ Yahoo Finance















