លោក ដូណាល់ ត្រាំ គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្រោយបញ្ឈប់អាមេរិក ប្រើមូលដ្ឋានយោធាលើអ៊ីរ៉ង់!
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានហាមឃាត់សហរដ្ឋអាមេរិក មិនឱ្យប្រើប្រាស់មូលដ្ឋានយោធានៅភាគខាងត្បូងប្រទេស សម្រាប់គាំទ្រប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។


ក្នុងសុន្ទរកថានៅសេតវិមាន លោក ត្រាំ បាននិយាយថា អេស្ប៉ាញជាប្រទេស «អាក្រក់» ហើយបញ្ជាក់ថា «យើងមិនចង់មានអ្វីពាក់ព័ន្ធនឹងអេស្ប៉ាញទេ» និងបានបន្ថែមថា អាមេរិកមានលទ្ធភាព អាចបញ្ឈប់អាជីវកម្មទាំងអស់ដែលពាក់ព័ន្ធនឹងអេស្ប៉ាញ «នៅថ្ងៃស្អែក ឬសូម្បីតែថ្ងៃនេះ»ក៏បាន។
មកទល់ពេលនេះ មិនទាន់មានភាពច្បាស់លាស់ថា រដ្ឋបាលលោក ត្រាំ នឹងអនុវត្តតាមការគំរាមកំហែងនេះយ៉ាងដូចម្តេច ឬតើវិធានការណាអាចត្រូវបានយកទៅប្រើ ដើម្បីដាក់កម្រិតពាណិជ្ជកម្មលើរដ្ឋសមាជិកមួយនៃ European Unionនោះទេ។
ការប្រកាសនេះ បានបន្ថែមភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងមានការខ្វែងគំនិតគ្នា ជាពិសេសពាក់ព័ន្ធនឹងការទាមទាររបស់លោក ត្រាំ ឲ្យសម្ព័ន្ធមិត្តក្នុង NATO បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ខណៈនោដែរ រដ្ឋាភិបាលអេស្ប៉ាញបានចេញបដិសេធភ្លាមៗ មិនអនុវត្តតាមការទាមទារនេះ ខណៈប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀតបានយល់ព្រមបង្កើនការចំណាយ។
រដ្ឋមន្ត្រីក្រសួងសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានលើកឡើងថា សហរដ្ឋអាមេរិក «មានសិទ្ធិស្របច្បាប់ក្នុងការដាក់ទណ្ឌកម្មលើផលិតផលនាំចូលពីអេស្ប៉ាញ» ប្រសិនបើចាំបាច់សម្រាប់សន្តិសុខជាតិ និងសេដ្ឋកិច្ច។ ទោះជាយ៉ាងណា លោក Greer មិនបានប្តេជ្ញាចិត្តច្បាស់លាស់លើការអនុវត្តផែនការនេះទេ ដោយបញ្ជាក់ថា «យើងនឹងពិភាក្សាបន្ថែម»ទៀត។
ជាផ្នែកមួយនៃបរិបទនយោបាយអន្តរជាតិ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez បានរិះគន់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយហៅថាជា «សង្គ្រាមយោធាដែលមិនសមហេតុផល» ដែលរំលោភលើច្បាប់អន្តរជាតិ។ ដោយឡែក មន្ត្រីនៅទីក្រុងម៉ាឌ្រីដបានបញ្ជាក់ថា “ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើមូលដ្ឋានយោធា សម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ អាចជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ”។
ជាមួយគ្នានោះ ក្នុងជំនួបនៅថ្ងៃអង្គារ ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថា អេស្ប៉ាញជា “សមាជិកមួយនៃសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយប្លុកនេះ ត្រូវតែរួមបញ្ចូលសមាជិកទាំងអស់”។ ដូចនេះសហរដ្ឋអាមេរិកត្រូវពិចារណាឡើងវិញពីការទណ្ឌកម្មនេះ។
យោងតាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៥ សហរដ្ឋអាមេរិកបាននាំចេញទំនិញប្រមាណ ២៦ពាន់លានដុល្លារ ទៅកាន់អេស្ប៉ាញ ខណៈការនាំចូលពីប្រទេសនេះមានតម្លៃត្រឹមតែ ២១ពាន់លានដុល្លារប៉ុណ្នោះ។ ផលិតផលនាំចេញសំខាន់ៗរបស់អេស្ប៉ាញទៅកាន់ទីផ្សារអាមេរិក រួមមានផលិតផលឱសថ និងប្រេងអូលីវ។
ប្រភព៖ BBC















