ចិនបើកប្រតិបត្តិការល្បាតនៅសមុទ្រចិនខាងត្បូង ព្រមទាំងចោទប្រកាន់ហ្វីលីពីនថាបានបង្កការរំខានដល់សន្តិភាពក្នុងតំបន់
កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានបើកប្រតិបត្តិការល្បាតតាមអាកាស និងតាមសមុទ្រជាទ្រង់ទ្រាយធំ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសន្តិសុខ និងការពារអធិបតេយ្យភាពដែនទឹករបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់យ៉ាងធ្ងន់ៗទៅលើប្រទេសហ្វីលីពីនថា បាននិងកំពុងអនុវត្តសកម្មភាពដែលបង្កការរំខានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការប៉ុនប៉ងពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ។

យោងតាមបញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពចិន ប្រតិបត្តិការល្បាតនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាព «ខុសច្បាប់» មួយចំនួនដែលកើតមានឡើងក្នុងរយៈពេលចុងក្រោយនេះ ដែលចិនចាត់ទុកថាជាការរំលោភបំពានលើដែនធិបតេយ្យរបស់ខ្លួន។ ចិនបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តអនុវត្តវិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ជាតិ និងបានព្រមានដល់ភាគីពាក់ព័ន្ធ ជាពិសេសប្រទេសហ្វីលីពីន ឱ្យបញ្ឈប់នូវរាល់សកម្មភាពដែលបង្កឱ្យមានភាពតានតឹង ក៏ដូចជាការទាក់ទាញកម្លាំងពីខាងក្រៅឱ្យចូលមកជ្រៀតជ្រែកក្នុងបញ្ហាតំបន់ ដែលនាំឱ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញ។
ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងម៉ានីលបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ថា សកម្មភាពរបស់ខ្លួនគឺជាការអនុវត្តសិទ្ធិតាមផ្លូវច្បាប់ក្នុងនាមជារដ្ឋអធិបតេយ្យ និងស្របតាមច្បាប់អន្តរជាតិ ស្តីពីសមុទ្រ។ ភាពតានតឹងដែលកំពុងកើនឡើងរវាងមហាអំណាចចិន និងហ្វីលីពីននាពេលនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ខណៈដែលបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការរក្សាភាពអត់ធ្មត់ និងដោះស្រាយជម្លោះតាមរយៈការចរចាសន្តិវិធី ដើម្បីជៀសវាងការឈានទៅរកការប៉ះទង្គិចដោយអាវុធ ដែលអាចប៉ះពាល់ដល់សន្តិសុខដែនសមុទ្រអន្តរជាតិទាំងមូល៕
ប្រភព៖ Reuters











