លោក គីម ជុងអ៊ុន បើកផ្លូវចរចាជាមួយអាមេរិក ប៉ុន្តែបន្តបដិសេធយ៉ាងដាច់អហង្ការចំពោះកូរ៉េខាងត្បូង
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា អនាគតនៃទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន គឺអាស្រ័យទាំងស្រុងលើ «ឥរិយាបថ» របស់សហរដ្ឋអាមេរិក ខណៈលោកបន្តរក្សាជំហររឹងត្អឹងដោយបដិសេធរាល់ការចរចាជាមួយកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA)។
នៅក្នុងមហាសន្និបាតបក្សពលករកូរ៉េលើកទី៩ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកព្រមបោះបង់ចោលនូវគោលនយោបាយប្រឈមមុខដាក់គ្នា និងទទួលស្គាល់កូរ៉េខាងជើងក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរ នោះវានឹងគ្មានហេតុផលអ្វីដែលភាគីទាំងពីរមិនអាចរស់នៅជាមួយគ្នាដោយសន្តិវិធីនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទាំង «ការចរចា» និង «ការប្រឈមមុខដាក់គ្នា» ហើយជម្រើសគឺស្ថិតនៅលើដៃរបស់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។



ផ្ទុយទៅវិញ លោក គីម បានប្រើពាក្យសម្តីធ្ងន់ៗទៅលើទីក្រុងសេអ៊ូល ដោយហៅកូរ៉េខាងត្បូងថាជា «សត្រូវដ៏គ្រោះថ្នាក់បំផុត» និងប្រកាសថាគ្មានថ្ងៃដែលលោកនឹងត្រឡប់ទៅរកការចរចាជាមួយបងប្អូនឯងនេះវិញឡើយ។ ការប្រកាសនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្ត្រ «រំលងកូរ៉េខាងត្បូង ដើម្បីចរចាជាមួយអាមេរិកដោយផ្ទាល់» ខណៈដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរមកកាន់តំបន់អាស៊ីនាពេលឆាប់ៗខាងមុខ។
ស្របពេលជាមួយគ្នានេះ កូរ៉េខាងជើងក៏បានបង្ហាញនូវមហិច្ឆតាយោធារបស់ខ្លួន តាមរយៈការដាក់បង្ហាញមីស៊ីលអន្តរទ្វីប និងគ្រឿងយុទ្ធោបករណ៍ទំនើបៗនៅក្នុងក្បួនព្យុហយាត្រា ដើម្បីបញ្ជាក់ថាខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ៕
ប្រភព៖ Reuters















