| |

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបញ្ជាក់ថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ADB នឹងជួយបង្កើនសមត្តភាពយុវជនកម្ពុជាក្នុងទីផ្សារការងារ និងទាក់ទាញវិនិយោគទុនបរទេស


នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Nianshan Zhang អគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ (SERD) ADB និង លោកជំទាវ Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

នាវេលាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាព អាទិភាពនៃកំណែទម្រង់វិស័យអប់រំ ដែលបាននិងកំពុងផ្តោតលើ កំណែទម្រង់សាលារៀន ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងលទ្ធផលតេស្ត PISA ,ការកាត់បន្ថយអត្រាបោះបង់, កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន, ការអនុវត្តស្តង់ដាសាលារៀនគំរូ, កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ,ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី (NGS) ដោយផ្តោតលើការលើកកម្ពស់ការអប់រំ STEM ,ការអនុវត្តគន្លងអប់រំថ្មី និងគម្រោងជាច្រើនទៀត។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពី សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្កើតផលជះវិជ្ជមានដល់សង្គមនិងសេដ្ឋកិច្ចជាតិ ដោយការបង្កើនមូលធនមនុស្សដែលមានចំណេះដឹងផ្នែក STEM និងជំនាញបច្ចេកទេសខ្ពស់ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចឌីជីថល, វឌ្ឍនភាពនៃសាលារៀនជំនាន់ថ្មី (NGS), ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការកាត់បន្ថយគម្លាតរវាងសិស្សនៅទីក្រុង និងជនបទ តាមរយៈការចែកចាយធនធានសិក្សា និងអាហារូបករណ៍ដោយយុត្តិធម៌, ជួយយុវជនកម្ពុជាមានសមត្ថភាពអាចប្រកួតប្រជែងក្នុងទីផ្សារការងារតំបន់ និងទាក់ទាញវិនិយោគទុនបរទេស និង ពង្រឹងប្រព័ន្ធគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែង ដែលបានរួមចំណែកជំរុញកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាចាប់តាំងពីកម្រិតមធ្យមសិក្សា រហូតដល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

ប្រភព៖ MoEYS