|

សម្ដេចធិបតី ប្រកាសប្រាប់សារព័ត៌មានអន្តរជាតិថា កម្ពុជា​ចង់ឃើញ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ​ដោយ​សន្តិវិធី​


ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិAFP នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «កម្ពុជាមិនមានបំណងបង្កើនភាពតានតឹងនោះទេ ប៉ុន្តែចង់ឃើញការរួមរស់ ដោយសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ»។

ជាមួយគ្នានោះ សម្ដេចបានគូសបញ្ជាក់ថា ចំពោះបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ កម្ពុជាមិនទទួលស្គាល់ឡើយ និងបានបដិសេធដាច់ខាត បន្ទាប់ពីភាគីថៃចោទប្រកាន់ថា កម្ពុជាជាអ្នករំលោភលើបទឈប់បាញ់ម្ដងទៀត។

សម្ដេចបានបន្ថែមថា ជម្លោះព្រំដែនរយៈពេលយូររវាងប្រទេសទាំងពីរ បានកើតមានឡើងជាបន្តបន្ទាប់ និងនាំឲ្យជីវិតស្លូតត្រង់ខាតបង់ជីវិត និងប៉ះពាល់ដល់ប្រជាពលរដ្ឋ រាប់មុឺននាក់ក្នុងតំបន់ជាប់ព្រំដែន។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ភាគីថៃថា កងកម្លាំងកម្ពុជាបានបាញ់គ្រាប់បែក នៅជិតក្រុមល្បាតថៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលនាំឱ្យមានការបាញ់តបវិញនោះ រាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់ខាត។ កម្ពុជាក៏បានលើកឡើងថា កងកម្លាំងថៃបានឈានចូលក្នុងតំបន់មួយចំនួននៅខេត្តជាប់ព្រំដែន ដែលកម្ពុជាតែងអំពាវនាវឱ្យភាគីថៃគោរពបទឈប់បាញ់ និងដកថយវិញ ស្របតាមគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សារជាថ្មីម្ដងទៀត សម្ដេចបានគូសបញ្ជាក់ថាទៅកាន់សារព័ត៌មានអន្តរជាតិថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាតាមវិធីសន្តិភាព និងការចរចា ទោះបីជាលទ្ធផលនៃដំណើរការណាមួយយ៉ាងណាក៏ដោយ កម្ពុជានឹងគោរព និងទទួលយកដោយស្មារតីសហប្រតិបត្តិការ ហើយសង្ឃឹមថាភាគីថៃនឹងធ្វើដូចគ្នា។

ក្នុងឱកាសនោះផងដែរ សម្ដេចក៏នៅតែមានក្តីព្រួយបារម្ភជាប់ជានិច្ច ចំពោះស្ថានភាពតំបន់ព្រំដែនបច្ចុប្បន្ន ដែលមានលក្ខណៈផុយស្រួយ និងខ្វះស្ថិរភាព។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្ដេច នៅទីក្រុងប្រ៊ុចសែល គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹងទំនាក់ទំនងការទូត និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលស្នាក់នៅ សម្ដេចក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅលើវិស័យសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បាន ចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពីសន្តិភាព និងស្ថិរភាព នៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាគាំទ្រគោលដៅលើកកម្ពស់សន្តិភាពសកល និងត្រៀមរួមចំណែកជាក់ស្តែង ដូចជាការផ្តល់ការបណ្តុះបណ្តាលផ្នែកដោះមីន ដើម្បីជួយដល់តំបន់ដែលរងផលប៉ះពាល់ដោយសង្គ្រាម។

ជាងនេះទៅទៀត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា “គោលបំណងសំខាន់របស់កម្ពុជា គឺការធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់ប្រជាជន និងតំបន់ទាំងមូល”។

ប្រភព៖ The Straits Times / AFP