សន្តិសុខអាមេរិកបាញ់សម្លាប់ជនសង្ស័យម្នាក់ ដែលព្យាយាមសម្រុកចូលវិមាន Mar-a-Lago របស់លោក ដូណាល់ ត្រាំ
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (Secret Service) បានបើកការបាញ់ប្រហារសម្លាប់បុរសម្នាក់ ដែលព្យាយាមសម្រុកចូលលំនៅដ្ឋានឯកជន Mar-a-Lago របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្លរីដា កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពេលដែលសន្តិសុខសម្រាប់មេដឹកនាំអាមេរិកកំពុងត្រូវបានរឹតបន្តឹងជាអតិបរមា។




យោងតាមការបញ្ជាក់ពីការិយាល័យតម្រួតតំបន់ Palm Beach អត្តសញ្ញាណជនសង្ស័យដែលត្រូវបានសម្លាប់មានឈ្មោះថា Austin Tucker Martin អាយុ ២១ ឆ្នាំ ជាអ្នកស្រុក North Carolina។ ជនសង្ស័យត្រូវបានគេរកឃើញថាបានកាន់ «កាំភ្លើងបាញ់បក្សី (Shotgun) និងធុងសាំងមួយ» នៅក្បែរខ្លោងទ្វារខាងជើងនៃវិមាន Mar-a-Lago ក្នុងបំណងបង្កវិនាសកម្ម។ នៅពេលដែលភ្នាក់ងារសន្តិសុខបញ្ជាឱ្យទម្លាក់អាវុធ ជនសង្ស័យមិនត្រឹមតែមិនស្ដាប់តាមបញ្ជានោះទេ ប៉ុន្តែថែមទាំងបានលើកកាំភ្លើងត្រៀមបាញ់សំដៅទៅរកក្រុមមន្ត្រីវិញ ដែលជាហេតុបង្ខំឱ្យភ្នាក់ងារសម្ងាត់សម្រេចចិត្ត បាញ់ប្រហារ ភ្លាមៗដើម្បីបញ្ឈប់ការគំរាមកំហែង និងការពារសុវត្ថិភាពដល់ជីវិតរបស់មន្ត្រីនៅទីនោះ។
ពាក់ព័ន្ធនឹងករណីនេះ សេតវិមានបានបញ្ជាក់ថា ក្នុងអំឡុងពេលកើតហេតុ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី Melania Trump មិនស្ថិតនៅក្នុងវិមាន Mar-a-Lago ឡើយ ដោយពួកលោកកំពុងស្នាក់នៅឯរដ្ឋធានីវ៉ាស៊ីនតោន។ នាយក FBI លោក Kash Patel បានថ្លែងថា ភ្នាក់ងារសហព័ន្ធកំពុងធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅទៅលើប្រវត្តិ និងចេតនារបស់ជនសង្ស័យ ដើម្បីចង់ដឹងថា តើវាជាសកម្មភាពឯកោ ឬមានការរៀបចំទុកជាមុនពីក្រុមណាមួយ។
មជ្ឈដ្ឋានអ្នកវិភាគយល់ឃើញថា ព្រឹត្តិការណ៍នេះគឺជាការរំលឹកជាថ្មីនូវភាពងាយរងគ្រោះនៃសុវត្ថិភាពមេដឹកនាំ បន្ទាប់ពីធ្លាប់មានការប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ កាលពីឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា សកម្មភាពដ៏រហ័សរបស់ភ្នាក់ងារសម្ងាត់ក្នុងហេតុការណ៍នេះ ត្រូវបានគេកោតសរសើរថាបានទប់ស្កាត់នូវសោកនាដកម្មដែលអាចកើតមានឡើងជាយថាហេតុ ខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងភាពតានតឹងផ្នែកនយោបាយ៕
ប្រភព៖ Reuters















