ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តជាមួយប្រទេសឥណ្ឌូណេស៊ី!
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំនៃមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS បានរៀបចំកិច្ចប្រជុំមួយរវាងផលិតករភាពយន្តកម្ពុជានិងឥណ្ឌូណេស៊ីដើម្បីស្វែងរកឱកាសសហប្រតិបត្តិ ក្រោមអធិបតីភាព ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីស្ថានទូតឥណ្ឌូណេស៊ី មន្ត្រីនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ផលិតករភាពយន្តឥណ្ឌូណេស៊ីនិងកម្ពុជា សរុបចំនួន៤០រូប។



ក្នុងឱកាសនេះ ឯកឧត្តម ឯក ប៊ុនថា បានថ្លែងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តជាមួយភាគីឥណ្ឌូណេស៊ី។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Santo Darmosumarto ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ដែលវត្តមានភាពយន្តឥណ្ឌូណេស៊ី មានចំនួនច្រើន និងទទួលបានគាំទ្រច្រើននៅក្នុងរោងភាពយន្តកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។ ឯកឧត្តមសង្ឃឹមថា អាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅបញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ីផងដែរ នាពេលអនាគត។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ











