ក្រុមអន្តោប្រវេសន៍ ដាក់ពាក្យបណ្ដឹងប្រឆាំងក្រសួងការបរទេសអាមេរិក ចំពោះបទបញ្ជាផ្អាកទិដ្ឋាការពលរដ្ឋពីប្រទេស ៧៥!
សម្ព័ន្ធក្រុមអន្តោប្រវេសន៍ មេធាវី និងពលរដ្ឋអាមេរិកមួយចំនួន បានដាក់ពាក្យបណ្តឹងប្រឆាំងក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Marco Rubio រដ្ឋលេខាធិការ ដោយទាមទារឲ្យលុបចោលបទបញ្ជាដែលបានផ្អាកការអនុម័តទិដ្ឋាការអន្តោប្រវេសន៍ដល់ពលរដ្ឋមកពីប្រទេសចំនួន ៧៥។

បណ្តឹងនេះត្រូវបានដាក់នៅតុលាការស្រុកសហរដ្ឋអាមេរិក ក្នុងទីក្រុងញូវយ៉ក ដោយចោទប្រកាន់ថា បទបញ្ជាខាងលើផ្អែកលើ “ការអះអាងមិនពិត” ថាជនអន្តោប្រវេសន៍មកពីប្រទេសទាំងនោះមានទំនោរពឹងផ្អែកលើសុខុមាលភាពសាធារណៈ ហើយជាការរើសអើងជាតិសាសន៍យ៉ាងច្បាស់ ដែលរំលោភលើច្បាប់អន្តោប្រវេសន៍ និងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាកាលពីខែមុន ក្រសួងការបរទេសបានប្រកាសតាមបណ្តាញសង្គមថា ខ្លួននឹងផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសចំនួន ៧៥ ដោយអះអាងថា ជនអន្តោប្រវេសន៍ពីប្រទេសទាំងនោះយកអត្ថប្រយោជន៍សុខុមាលភាពក្នុងអត្រាដែល “មិនអាចទទួលយកបាន”។ ការផ្អាកនឹងបន្តរហូតដល់អាមេរិកអាចធានាថា ជនអន្តោប្រវេសន៍ថ្មីៗមិនក្លាយជាបន្ទុកហិរញ្ញវត្ថុដល់សហរដ្ឋអាមេរិក។
ប្រទេសដែលរងផលប៉ះពាល់រួមមាន Somalia, Haiti, Iran, and Eritrea Cuba និងប្រទេសជាច្រើនទៀត។ បណ្តឹងបានបញ្ជាក់ថា វិធានការនេះស្មើនឹងការហាមឃាត់ស្ទើរតែពាក់កណ្តាលនៃពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ទាំងអស់ ហើយមិនមានការវាយតម្លៃជាលក្ខណៈបុគ្គលដូចដែលច្បាប់កំណត់ឡើយ។
ជាមួយគ្នានោះលោកស្រី Joanna Cuevas Ingram មេធាវីនៃមជ្ឈមណ្ឌលច្បាប់អន្តោប្រវេសន៍ជាតិ បានលើកឡើងថា បទបញ្ជានេះបាន “បំផ្លាញជីវិត” មនុស្សជាច្រើន ខណៈលោក Baher Azmy នាយកផ្នែកច្បាប់នៃមជ្ឈមណ្ឌលសិទ្ធិរដ្ឋធម្មនុញ្ញ ក៏បានហៅវិធានការនេះថា ជាគោលនយោបាយរើសអើងជាតិសាសន៍ ដែលសភា និងរដ្ឋធម្មនុញ្ញមិនអនុញ្ញាត។
ដោយឡែក សម្ព័ន្ធក្រុមបណ្តឹងអះអាងថា វិធានការនេះមិនត្រឹមតែខុសច្បាប់ទេ ប៉ុន្តែថែមទាំងរំលោភសិទ្ធិមនុស្ស និងសិទ្ធិគ្រួសារយ៉ាងធ្ងន់ធ្ងរ។
ប្រភព៖ The Guardian











