អ្វីជាការចូលរួមប្រកបដោយថាមភាព ក្នុងនាមជាកោសិកាសង្គម


ដោយ៖ ផាត់ គឹមឆែ

ក្នុងការរស់នៅ មនុស្សជាកត្តាដ៏សំខាន់ដែលកំណត់ពីភាពល្អប្រសើរ​ និងភាពអន់ថយនៃសង្គមមួយ។ សង្គមបានបង្រៀនមនុស្សនូវមេរៀនជាច្រើនក្នុងការរស់នៅ តែរាល់សកម្មភាពនៃការរស់នៅរបស់មនុស្សមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសង្គមដូចគ្នា។ កម្លាំងចលករដែលសង្គមជាតិមួយមិនអាចខ្វះបាន គឺធនធានមនុស្ស កាលណាសង្គមមួយដែលពោរពេញទៅដោយអ្នកមានចំណេះដឹង និងស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន នោះអ្វីដែលពួកគេបានបង្ហាញគឺឆន្ទៈ មនសិការ ការចូលរួម ដើម្បីផ្ចុងផ្ដើមសង្គមរបស់ខ្លួនឲ្យមានវឌ្ឍនភាព។ ដូចនេះមនុស្សគ្រប់រូបនេះហើយជាទឡ្ហីករណ៍ ដែលជ្រោមជ្រែងសង្គមមួយប្រកបដោយភាពសុខដុមរមនា។

នេះជាការចែករំលែកការយល់ឃើញរបស់យុវជនដែលជាកម្លាំងសំខាន់ៗក្នុងសង្គមជាមួយ BRANDMEDIA ៖

អ្នកគ្រូ សុន ស៊ីយិញ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សព្វថ្ងៃជាគ្រូបង្រៀននៅវិទ្យាល័យបវេល បានផ្ដល់នូវការយល់ឃើញថា៖ «ក្នុងចំណោមធនធានសំខាន់ៗ ក្នុងនោះមានគ្រូបង្រៀនដែលជាអ្នកចូលរួមដ៏សំខាន់ក្នុងការជួយលើកកម្ពស់តម្លៃសង្គម។ ​គ្រូបង្រៀនជាវិស្វករនៃព្រលឹង ជាអ្នកសាបព្រោះបណ្ដុះធនធានមនុស្ស ដែលជាសសរទ្រូងនៃប្រទេសជាតិ តាមរយៈការអប់រំ ណែនាំសិស្សានុសិស្សឲ្យមានចំណេះដឹងទូលំទូលាយ ជ្រោមជ្រែងវិស័យអប់រំឲ្យមានអានុភាព។ កាលណាវិស័យអប់រំរីកចម្រើន នោះប្រទេសជាតិទាំងមូលនឹងមានសសរគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់នូវគ្រប់វិស័យឲ្យរីកលូតលាស់ប្រកបដោយសក្ដានុពល»។

អ្នកគ្រូ សុន ស៊ីយិញ
អ្នកគ្រូ សុន ស៊ីយិញ

កញ្ញា សំអ៊ុន លក្ខិណា បច្ចុប្បន្នជានិស្សិតពេទ្យឆ្នាំទី៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានចែករំលែកថា៖ «​ក្នុងសង្គមមួយកើតឡើងពីចង្កោមមនុស្សជាច្រើន ដូចនេះមនុស្សគ្រប់រូបសុទ្ធសឹងមាននាទីសំខាន់រៀងៗខ្លួនក្នុងការចូលរួមកិច្ចការផ្សេងៗក្នុងសង្គមនេះ។ ក្នុងនាមជានិស្សិតពេទ្យម្នាក់ ខ្ញុំគិតថាគ្រូពេទ្យជាផ្នែកដ៏សំខាន់មួយក្នុងសង្គមក្នុងការអប់រំពីបញ្ហាសុខភាព ថែទាំ ព្យាបាល និងសង្រ្គោះអ្នកជំងឺ និងលើកកម្ពស់សុខមាលភាពរបស់មនុស្សគ្រប់រូប។ ពិសេសស្ថិតក្នុងវិបត្តិកូវីដ-១៩នេះ គ្រូពេទ្យជាកងទ័ពអាវសដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្រ្គោះនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង»។

កញ្ញា សំអ៊ុន លក្ខិណា

កញ្ញាបានសង្កត់ធ្ងន់ថា «នៅពេលដែលខ្ញុំបញ្ចប់ការសិក្សាហើយក្លាយជាគ្រូពេទ្យម្នាក់ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងនិងសមត្ថភាពរបស់ខ្ញុំឲ្យមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ ហើយចាត់ទុកអ្នកជំងឺដូចជាសមាជិកគ្រួសារខ្ញុំដូច្នោះដែរ»។

កញ្ញា សំអ៊ុន លក្ខិណា

លោក ថន សារួន ជាមន្ត្រីរដ្ឋបាលម្នាក់នៅឃុំរាំងកេសី ខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ Brandmedia ថា៖ ក្នុងនាមខ្ញុំជាស្មៀនឃុំសង្កាត់ម្នាក់ ខ្ញុំជឿថាកាតព្វកិច្ចនេះសំខាន់ណាស់ នេះជាកម្លាំងប្រកបដោយ​ប្រសិទ្ធភាពក្នុងការជួយពន្លឿនកិច្ចអភិវឌ្ឍសង្គមប្រកបដោយថាមភាព។ ខ្ញុំមានឆន្ទៈមោះមុតក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព មានក្រមសីលធម៌ល្អ ផ្ដល់ព័ត៌មានដោយពេញចិត្ត មិនប្រកាន់បក្សពួកឬប្រកាន់វណ្ណៈឡើយ»។ លោកបានបន្តថា «កិច្ចការសំខាន់មួយទៀតគឺ យកចិត្តទុកដាក់លើបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ណែនាំដល់ពលរដ្ឋឲ្យយល់ដឹងលើបញ្ហាសិទ្ធិសេរីភាព ចេះគោរពច្បាប់ ចេះសាមគ្គីគ្នា ចូលរួមអភិវឌ្ឍមូលដ្ឋានដែលពួកគាត់រស់នៅ ​និងស្គាល់ពីកាតព្វកិច្ចក្នុងនាមជាពលរដ្ឋក្នុងសង្គម​។ ទាំងនេះជាការចូលរួមដ៏សំខាន់ក្នុងការជំរុញ និងគាំពារអភិបាលកិច្ចល្អ នាំឲ្យសង្គមមួយមានសាមគ្គីភាព សន្តិភាព និងវិបុលភាព»។

លោក ថន សារួន

កញ្ញា ងឺន វ៉ាន់ឡុង ជានិស្សិតអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ «និស្សិត គឺជាគ្រាប់ពូជដ៏សំខាន់របស់សង្គមជាតិទាំងមូល។ ក្នុងនាមខ្ញុំជានិស្សិតម្នាក់ខ្ញុំយល់ថា ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គមមួយ គឺនិស្សិតត្រូវពង្រឹងគុណភាពសិក្សារបស់ខ្លួនឲ្យដល់កម្រិតមួយដែលមានលំនឹងនិងសមត្ថភាពពិតប្រាកដដើម្បីបម្រើជាប្រយោជន៍ដល់សង្គមជាតិតាមរយៈការផ្សាយចំណេះដឹង អក្សរសាស្ត្រ សិល្បៈ កម្រិតវប្បធម៌ ការប្រឡងប្រជែងនានា នៅលើឆាកអន្តរជាតិ។ ចរិយាសម្បត្តិក៏ជាអ្វីដែលនិស្សិតគួរមាន ជាចំណែកក្នុងការផ្សាយសីលធម៌ ចរិយាធម៌ ពីវប្បធម៌ដ៏ផូរផង់របស់ជាតិសាសន៍ខ្លួន»។

កញ្ញា ងឺន វ៉ាន់ឡុង

កាលណាសង្គមមួយ សម្បូរទៅដោយធនធានមនុស្ស សង្គមមួយនោះមានអាទិភាពក្នុងការកសាងវិស័យនានាឲ្យចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ទាំងសេដ្ឋកិច្ច ការអប់រំ សន្តិសុខ សណ្ដាប់ធ្នាប់ ការគ្រប់គ្រង ច្បាប់ទម្លាប់និងវិស័យផ្សេងៗទៀតប្រកបដោយគុណភាព។ ការចូលរួមរបស់ពលរដ្ឋក្នុងសង្គម គឺវាពាក់ព័ន្ធនឹងវាសនាបុគ្គលខ្លួនឯង និងសង្គមជាតិទាំងមូល។ ប្រជាជាតិមួយដែលមានពលរដ្ឋ រួមទាំងមន្ត្រីគ្រប់ស្ថាប័នក្នុងសង្គម ស្គាល់ និងអនុវត្តតួនាទីខ្លួនឯងបានល្អ ចេះចូលរួម សាមគ្គីភាព ស្រុះស្រួលគ្នា គឺជាល្បឿនដ៏សំខាន់សម្រាប់ជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព៕

កែសម្រួលដោយ៖ BRANDMEDIA