|

លោក Donald Trump ព្រមានផ្លាស់ប្តូរកិច្ចព្រមព្រៀងការពារដែនអាកាសជាមួយកាណាដា ប្រសិនបើមិនទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក!


សហរដ្ឋអាមេរិកបានព្រមានថា ខ្លួនអាចនឹងផ្លាស់ប្តូរកិច្ចព្រមព្រៀងការពារដែនអាកាសអាមេរិកខាងជើង (NORAD) ដែលមានអាយុកាលរាប់ទសវត្សរ៍ជាមួយប្រទេសកាណាដា ប្រសិនបើរដ្ឋាភិបាលកាណាដាដកថយពីការទិញយន្តហោះចម្បាំង Lockheed Martin F-35 ចំនួន ៨៨ គ្រឿង។ ការព្រមាននេះត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកាណាដា លោក Pete Hoekstra។

ដោយឡែក លោក Hoekstra បានបញ្ជាក់ថា ប្រសិនបើកាណាដាសម្រេចចិត្តទិញយន្តហោះចម្បាំងក្នុងចំនួនតិចជាងដែលបានព្រមព្រៀង សហរដ្ឋអាមេរិកនឹងត្រូវ “បំពេញចន្លោះប្រហោង” ផ្នែកសន្តិសុខ ដោយអាចនាំឲ្យមានការទិញយន្តហោះ F-35 បន្ថែមសម្រាប់ខ្លួនឯងផង និងបង្កើនការធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសកាណាដាផង។

ក្រោមកិច្ចព្រមព្រៀង NORAD បច្ចុប្បន្ន សហរដ្ឋអាមេរិក និងកាណាដាមានសិទ្ធិធ្វើប្រតិបត្តិការយោធាក្នុងដែនអាកាសរបស់គ្នាទៅវិញទៅមក ដើម្បីតាមដាន ឬស្ទាបស្ទង់ការគំរាមកំហែង។ ទោះជាយ៉ាងណា លោក Hoekstra បានបញ្ជាក់ថា ការផ្លាស់ប្តូរកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអាចនឹងមានលក្ខខណ្ឌថ្មីចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកាណាដា។

គួរបញ្ជាក់ផងដែរថា ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកាណាដាបានប្រកាសថា ខ្លួនកំពុងពិនិត្យឡើងវិញលក្ខខណ្ឌនៃកិច្ចព្រមព្រៀង F-35 បន្ទាប់ពីការវាយតម្លៃថ្មីបានបង្ហាញថា គម្រោងនេះមានតម្លៃខ្ពស់ជាងការរំពឹងទុក។ កាណាដាបានសន្យាយល់ព្រមទិញយន្តហោះ F-35A ចំនួន ៨៨ គ្រឿង ក្នុងតម្លៃដើមប្រមាណ ១៩ ពាន់លានដុល្លារ ប៉ុន្តែការធ្វើសវនកម្មដំបូងឆ្នាំ ២០២៥ បានបង្ហាញថា តម្លៃសរុបបានកើនឡើងដល់ ២៧.៧ ពាន់លានដុល្លារ។

ក្នុងបរិបទនៃភាពតានតឹងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រួមទាំងការគំរាមកំហែងដាក់ពន្ធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញលើគម្រោងនេះ។

ទន្ទឹមនឹងនេះ លោក Hoekstra បានព្រមានថា ការជ្រើសរើសយន្តហោះដែលមិនអាចធ្វើប្រតិបត្តិការបាន ដូចទៅនឹងយន្តហោះរបស់សហរដ្ឋអាមេរិក F-35 អាចនឹងប៉ះពាល់ដល់សមត្ថភាពការពារជាតិ រួមទាំងនយោបាយរបស់ប្រទេសទាំងពីរ។

ប្រភព៖ Independent