ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ ២៥% លើពាណិជ្ជកម្មនាំចូលពីកូរ៉េខាងត្បូង!
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តដំឡើងពន្ធលើទំនិញនាំចូលពីកូរ៉េខាងត្បូង ដល់ទៅ ២៥% ដោយអះអាងថា ទីក្រុងសេអ៊ូលមិនបានគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរបានឈានដល់កាលពីឆ្នាំមុន។

ក្នុងសេចក្តីប្រកាសតាមបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ពន្ធនាំចូលនឹងត្រូវបានបង្កើនពីអត្រា ១៥% ទៅ ២៥% លើផលិតផលជាច្រើនប្រភេទ រួមមាន រថយន្ត ឈើ ឱសថ និងពន្ធគយទៅវិញទៅមកផ្សេងទៀត។ លោក ក៏បានអះអាងថា រដ្ឋសភាកូរ៉េខាងត្បូងមានភាពយឺតយ៉ាវក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ ខណៈដែលសហរដ្ឋអាមេរិកបានអនុវត្តវិធានការកាត់បន្ថយពន្ធគយរបស់ខ្លួនយ៉ាងឆាប់រហ័ស ស្របតាមអ្វីដែលបានព្រមព្រៀងគ្នា។
ដោយឡែក ភាគីកូរ៉េខាងត្បូងបានឆ្លើយតបថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការអំពីការដំឡើងពន្ធនេះនៅឡើយទេ ហើយបានបង្ហាញបំណងចង់ពិភាក្សាជាបន្ទាន់ជាមួយភាគីអាមេរិក ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានបញ្ជាក់ថា រដ្ឋមន្ត្រីឧស្សាហកម្ម លោក Kim Jung-kwan ដែលកំពុងស្ថិតនៅប្រទេសកាណាដា នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick។
នៅក្នុងវិស័យទីផ្សារហិរញ្ញវត្ថុ សន្ទស្សន៍ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារ ប៉ុន្តែបន្ទាប់មកបានងើបឡើងវិញប្រហែល ១.៨% ខណៈដែលភាគហ៊ុនក្រុមហ៊ុននាំចេញសំខាន់ៗបានស្តារឡើងវិញផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលាឆ្នាំមុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលរួមមានការសន្យាពីភាគីកូរ៉េខាងត្បូងក្នុងការវិនិយោគប្រមាណ ៣៥០ ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ដោយមួយផ្នែកនៃទុនវិនិយោគនេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់កប៉ាល់។ នៅខែបន្ទាប់ ប្រទេសទាំងពីរបានព្រមព្រៀងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើផលិតផលមួយចំនួន បន្ទាប់ពីកូរ៉េខាងត្បូងចាប់ផ្តើមដំណើរការអនុម័តកិច្ចព្រមព្រៀងនេះ។
យ៉ាងណាមិញ លោក ត្រាំ ត្រូវបានអ្នកវិភាគ សង្កេតឃើញថា លោកតែងតែប្រើប្រាស់ពន្ធគយជាឧបករណ៍សំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន នៅអំឡុងអាណត្តិទីពីរនៅសេតវិមាន។ ជាងនេះផងដែរ កាលពីពេលថ្មីៗនេះ លោកក៏បានគំរាមដាក់ពន្ធខ្ពស់លើប្រទេសដទៃទៀត ដូចជា កាណាដា និងប្រទេសមួយចំនួនទៀត រួមទាំងចក្រភពអង់គ្លេស ជាផ្នែកមួយនៃយុទ្ធសាស្ត្រពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក។
ប្រភព៖ BBC















