កម្ពុជា ប្រកាសតវ៉ាប្រឆាំងចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើសកម្មភាពផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC)!
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាស តវ៉ាផ្លូវការជាថ្មីម្តងទៀតប្រឆាំងចំពោះ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមាន ចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា៖


១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវ បានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ២. ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ៣. ការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន។
ជាមួយគ្នានោះ កម្ពុជានៅតែបន្តអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវប្រការទាំងអស់ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និង ការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។
ប្រភព៖ ក្រសួងការបរទេស















