មកស្គាល់តំបន់ទេសចរណ៍លំដាប់កំពូលទាំង១០ នៅកម្ពុជា


ប្រែសម្រួលអត្ថបទដោយ៖ ង៉ុយ សារិកា

ប្រទេសកម្ពុជា ក្រៅពីមានប្រាសាទអង្គរវត្តដែលជាតំបន់ទេសចរណ៍មួយដ៏កំពូលហើយ ដែនដីដ៏អច្ឆរិយៈនេះក៏មានតំបន់ទេសចរណ៍នានាជាច្រើនទៀតស្ទើររាប់ពុំអស់ ទាំងលក្ខណៈធម្មជាតិ លក្ខណៈវប្បធម៌ និងលក្ខណៈទំនើបជាដើមនេះបើតាមគេហទំព័រទេសចរណ៍ Touropia បានចុះផ្សាយ។ វាពុំមែនជារឿងថ្មីទេ ដែលតំបន់ទេសចរណ៍ពាសពេញផ្ទៃនគរកម្ពុជាអាចឆាបឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពាន់នាក់រៀងរាល់ឆ្នាំចូលមក    ទស្សនា និងសម្រាកកំសាន្ត។ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានឱ្យស្គាល់កាន់តែច្បាស់បន្ថែមអំពីតំបន់ទេសចរណ៍លំដាប់កំពូលទាំង១០​ របស់ព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖

១/ ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្តមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបដែលមានចម្ងាយ៧គីឡូម៉ែតពីទីរួមខេត្តតាមផ្លូវ​កូម៉ៃ។ រមណីយដ្ឋានអង្គរត្រូវបានចុះចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២រួចមកហើយ។ តាមការសិក្សាឯកសារប្រវត្តិសាស្រ្តខ្មែរ ប្រាសាទនេះកសាងឡើងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១២ ចាប់ពីឆ្នាំ១១១៣ រហូតដល់ឆ្នាំ១១៥០។ គួរបញ្ជាក់ផងដែរថានេះជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា កំសាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។

២/ ប្រាសាទបាយ័ន

ប្រាសាទបាយ័នត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ដោយព្រះបាទជ័យវរ្ម័នទី៧។ ភាពទាក់ទាញនៃប្រាសាទនេះគឺ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះក៏មានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ បន្ថែមពីលើចំណុចពិសេសនៃប្រាសាទនេះទៀតនោះ គឺដោយសារតែប្រាសាទនេះមានទីតាំងនៅចំចំណុចកណ្ដាលនៃរាជធានីអង្គរធំ​ដែលស្ថិតនៅក្នុងតំបន់អង្គរទៀត ទើបធ្វើឱ្យទីនេះក្លាយទៅជាទិសដៅនៃតំបន់ទេសចរណ៍មួយដ៏មានប្រជាប្រិយភាពសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមក្នុងការទស្សនាកំសាន្ត និងដើម្បីជាការស្វែងយល់នូវវប្បធម៌ខ្មែរនៃសំណង់ប្រាសាទដ៏វិចិត្រអស្ចារ្យនេះផងដែរ។

៣. ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចម្ងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែន។ បើយោងទៅតាមឯកសារប្រវត្តិសាស្ត្រខ្មែរ គឺប្រាសាទនេះត្រូវបានកសាងឡើងដោយដោយព្រាហ្មណ៍យជ្ញវរាហៈ(yajnavaraha)​។ លក្ខណៈដ៏អស្ចារ្យ និងប្លែកពីសំណង់ប្រាសាទផ្សេងៗទៀត នៅត្រង់ថា ប្រាសាទនេះត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបីដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ទាំងនេះ គឺជាមូលហេតុដែលនាំឱ្យប្រាសាទមួយនេះក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានឈ្មោះល្បីល្បាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤. ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ បើយោងទៅតាមទិន្នន័យពីតំបន់ទេសចរដែលមានសក្ដានុពលនៅកម្ពុជាក៏បានបង្ហាញឱ្យយើងឃើញថា កាលពីមុនប្រាសាទកោះកេរ្ដិ៍នេះ គឺជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយ ហើយទីនោះ មានរូបចម្លាស់ដ៏ធំអស្ចារ្យមួយនៅក្នុងតំបន់ប្រាសាទ ដែលមានកម្ពស់ ៣០ម៉ែត្រ​ ព័ទ្ធជុំវិញទៅដោយព្រៃ។​ នៅ​ពេល​ដែល​ឡើង​ទៅ​ដល់​កំពូលភ្នំដើម្បីទៅទស្សនាប្រាសាទកោះកេរ្ដិ៍នោះ ​គេ​អាច​គយ​គន់​មើល​ទេសភាព​ និង​ស្រូប​យក​ខ្យល់​អាកាស​ ​ជុំ​វិញ​ទី​នោះ​ ដែល​គេ​អាច​មើល​ឃើញ​ជួរ​ភ្នំ​ដង​រែក, ​ភ្នំ​ត្បែង​មាន​ជ័យ​ ​និង​ទិដ្ឋភាព​ស្រុក​គូលែនថែម​ទៀត​ផង​។​

៥/ ខេត្តក្រចេះ

ខេត្តក្រចេះ គឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ។ ទីនេះ គឺសម្បូរដោយធនធានធម្មជាតិ នៅលើដីមានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាជាមួយនឹងទេសភាពគួរជាទីមនោរម្យ និងស្រស់សោភ័ណ ជាពិសេសគឺនៅពេលថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាតជាហេតុធ្វើឱ្យអ្នកដែលបានទស្សនាហើយជាប់ចិត្តដិតអារម្មណ៍ចង់ទៅទស្សនាម្តងទៀត។  ហេតុដូចនេះទើបធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុងមួយឆ្នាំៗ។

៦/ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោត្រូវបានគេស្គាល់ថាជារមណីយដ្ឋានភ្នំបូកគោ។ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ ៤៦គីឡូម៉ែត្រ រហូតដល់កំពូលភ្នំ។ គួរបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍នេះ គឺជាផ្នែកមួយនៃឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅក្នុងប្រទេស ហើយសួនឧទ្យានជាតិនេះបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតផងដែរ។

៧/ វត្តប្រាក់

វត្តប្រាក់មានទីតាំងស្ថិតនៅក្នុងបរិវេណនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។ វត្តប្រាក់មានទ្រព្យសម្បតិ្តជាតិជាច្រើនដូចជាមាស និងរូបបដិមាព្រះពុទ្ធ។ អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះ គឺរូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់៩០គីឡូក្រាម និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់។ គំនូរបុរាណនៅជុំវិញថែវបានបង្ហាញពីរឿងរាមកេរ្តិ៍ ដែលដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំងទាល់តែមើលឱ្យឆ្ងាយតៗទៅមុខទើប​ដឹង​ដំណើរ​ប្រវត្តិ​រឿងខាងក្រោមវិញហើយត្រូវបានគូរនៅឆ្នាំចន្លោះឆ្នាំ(១៩០៣-០៤)ដោយវិចិត្រករខ្មែរចំនួន៤០នាក់។

៨/ បឹងទន្លេសាប

បឹងទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង។ ទន្លេនេះមានប្រវែងប្រហែល១០០គីឡូម៉ែត្រ ហើយត្រូវបានហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញជាដើម។ លក្ខណៈដែលពិសេសនៃបឹងទន្លេសាបនេះ គឺជាការផ្ដល់ឱ្យនូវតំបន់ដីសើមទឹកសាប ដែលសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ហើយប្រព័ន្ធតំបន់ដីសើមនេះ គឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាប និងជួយក្នុងការទ្រទ្រង់ដល់ប្រភេទជីវចម្រុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ 

៩/ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ ត្រូវបានគេស្គាល់ថាជាទីក្រុងកំពង់ផែសេដ្ឋកិច្ចដ៏សំខាន់ និងមានរមណីយដ្ឋានឆ្នេរស្អាតៗនៅជាប់ឈូងសមុទ្រថៃ។ ភាពទាក់ទាញដ៏ធំនៅទីនេះ គឺឆ្នេរខ្សាច់ពណ៌សដែលជាកន្លែងសម្រាកលំហែកាយរបស់អ្នកទេសចរនានា ជាពិសេសក្នុងពេលចុងសប្តាហ៍ ឬពេលឈប់សម្រាប់ពីការងារជាដើម។

១០/ ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទនេះ គឺជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយមានរយៈកម្ពស់ ៦២៥ម៉ែត្រធៀបទៅនិងទឹកសមុទ្រ។ ប្រាសាទព្រះវិហារនេះ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលផ្តល់ភាពរីករាយ និង ស្ញប់ស្ញែងអំពីទឹកដៃនៃបុព្វបុរសប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឱ្យលោកអ្នក នូវអារម្មណ៍ស្រស់ថ្លាជាមួយនឹងខ្យល់ធម្មជាតិដ៏ត្រជាក់ និងអាចមើលពីផ្ទៃខេត្តព្រះវិហារថែមទៀតផង។

ក្រៅពីនេះប្រទេសកម្ពុជាមាតុភូមិនៃយើងក៏មានតំបន់ទេសចរណ៍ និងកន្លែងធម្មជាតិដែលទីកម្សាន្តជាច្រើនផ្សេងទៀតរហូតដល់មានងារថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»។ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយចូរនាំគ្នាចូលរួមលើកស្ទួយថែរក្សា និងផ្សព្វផ្សាយនូវសម្បត្តិធម្មជាតិ សម្បត្តិវប្បធម៌ និងកេរដំណែលនៃមរតករបស់បុព្វបុរសជំនាន់ដើម ឱ្យបានកាន់តែទូលំទូលាយ៕

កែសម្រួលដោយ៖ BRANDMEDIA