ក្រសួងបរិស្ថាន ជំរុញការចុះបញ្ជីដីរដ្ឋ និងការពារតំបន់ធម្មជាតិ ដោយបោះបង្គោលព្រំដែនចំនួន ១០០០បង្គោលបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦!


នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន១០០០បង្គោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៥៧៥៩បង្គោល ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលសរុបចំនួន ៣៦០០បង្គោល ដែលនៅសល់ចំនួនបង្គោលសរុបចំនួន ១២១១៩បង្គោលទៀតដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់។

ជាងនេះទៅទៀត ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានមានសសរស្តម្ភទី២គឺ “ភាពបៃតង” ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។ តាមរយៈ«ភាពបៃតង» នេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកគម្របព្រៃឈើជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិនានាជាធរមាន មិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិឡើយ៕

ប្រភព៖ Ministry of Environment