ហេតុអ្វីតម្លៃស្ត្រីត្រូវបានលើកកម្ពស់?


ដោយ៖ ផាត់ គឹមឆែ

ក្នុងយុគសម័យថ្មីនេះ ជាយុគដែលមានសមភាពយែនឌ័រ។ ស្ត្រី និងបុរសមានសិទ្ធិសេរីភាព និងតម្លៃស្មើគ្នា។ ស្រ្ដីទទួលបានការសិក្សារៀនសូត្របានខ្ពង់ខ្ពស់ មានសមត្ថភាព និងតួនាទីសំខាន់ក្នុងសង្គមដូចគ្នានឹងបុរសដែរ។ ស្ត្រីបានបំពេញភារកិច្ចសំខាន់ ដែលមិនអាចខ្វះបាន ក្នុងសង្គមគ្រួសារនីមួយៗ ព្រមទាំងទទួលបានការការពារ ការលើកកម្ពស់ ផ្ដល់តម្លៃ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសង្គម ពិសេសគឺក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។ ហេតុអ្វីបានជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់?

ជុំវិញចម្លើយនៃសំណួរនេះ និស្សិតស្រីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣ រូប បានចែករំលែកជាមួយ BRANDMEDIA យ៉ាងដូច្នេះថា៖

យុវនិស្សិត ផល់ ម៉ាណែត ដែលកំពុងសិក្សានៅដេប៉ាតឺម៉ង់់ ប្រវត្តិវិទ្យា បានបង្ហាញការយល់ឃើញថា៖ ក្នុងនាមខ្ញុំជានិស្សិតស្រីម្នាក់ខ្ញុំសង្កេតឃើញថា ស្រ្តីនាពេលបច្ចុប្បន្ននេះ បានដើរតួនាទីយ៉ាងសំខាន់ចំពោះគ្រួសារ និងសង្គម។ ស្រ្តីជាមាតានៃពិភពលោក ក្រៅពីតួនាទីជាមេផ្ទះ ស្រ្តីនៅមានសមត្ថភាពក្នុងការធ្វើការងារ ដើម្បីបម្រើសេដ្ឋកិច្ចក្នុងគ្រួសារថែមទៀត។ ជាក់ស្ដែងនៅតាមវិស័យការងារយើងតែងសង្កេតឃើញញថា មានស្ត្រីបម្រើការច្រើនជាងបុរសទៅទៀត បញ្ជាក់ថាស្ត្រីមានសមត្ថភាព និងជាកម្លាំងដ៏សំខាន់ក្នុងកាជំរុញសេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គម ព្រមទាំងបង្កើតសណ្ដាប់ធ្នាប់ល្អក្នុងគ្រួសារ និងក្នុងសង្គម។ ស្រ្តីមានសិទ្ធក្នុងការចូលរួមកម្មវិធីសង្គម ជួយបញ្ចេញមតិយោបល់ ក្នុងការកែលម្អឲ្យកាន់តែប្រសើរថែមទៀត។

យុវនិស្សិត ផល់ ម៉ាណែត

យុវនិស្សិត ធន់ នាត នៅដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យាដូចគ្នា បានលើកឡើងថា៖ យើងសុទ្ធតែបានដឹងខ្លះមកហើយពីតួនាទី និងភាពសំខាន់នៃស្ត្រីទាំងក្នុងគ្រួសារ និងក្នុងសង្គម។ ដូច្នេះខ្ញុំសុំលើកយកវិស័យមួយដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ នោះគឺវិស័យអប់រំ។ យើងក្រឡេកមើលទៅវិស័យអប់រំ តាមការសង្កេតផ្ទាល់របស់ខ្ញុំបាន ឃើញថា និស្សិតស្រីភាគច្រើនមានការខិតខំប្រឹងប្រែងរៀន ហើយតែងទទួលបានឱកាសល្អៗ ក្នុងការបន្តការសិក្សានៅក្រៅប្រទេស មានឱកាសក្នុងការប្រឡងប្រជែងថ្វីដៃ ថ្វីមាត់ បង្ហាញពីវប្បធម៌ដ៏ផូរផង់ឲ្យជាតិសាសន៍ដទៃបានស្គាល់។ នេះជាមោទកភាពក្នុងនាមជាស្ត្រីម្នាក់ដូចគ្នា។

យុវនិស្សិត ធន់ នាត

យុវនិស្សិត ឌឹម ចន្ធី ជានិស្សិតអក្សរសាស្ត្រខ្មែរ បានចែករំលែកយ៉ាងដូច្នេះថា៖ «តាំងពីបុរាណកាលខ្មែរយើងមានរបបមាតាធិបតេយ្យ ដែលជារបបមួយដែលឲ្យតម្លៃ និងគោរពស្ត្រីភេទធំ។ ខ្មែរយើងជឿថា ស្រ្តីជាភេទដែល នាំសិរីសួស្ដីដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ព្រោះស្ត្រីមានតួនាទីដ៏សំខាន់ក្នុងការផ្ដល់កំណើត ឬជាមាតាពិភពលោក។ ទាក់ទងនឹងឥទ្ធិពលនៃរបបមាតាធិបតេយ្យនេះ យើងឃើញមានការប្រើប្រាស់ពាក្យក្នុងវិស័យរដ្ឋបាលដូចជាពាក្យ មេភូមិ មេឃុំ មេទ័ព មេស្រុកជាដើម ដែលពាក្យ មេ នេះគឺតំណាងឲ្យស្ត្រី»។

យុវនិស្សិត ឌឹម ចន្ធី

យុវជនដដែលនេះបន្តថា៖ «ស្ត្រីជាអ្នកដែលរៀបចំទុកដាក់គ្រួសារឲ្យមានសណ្ដាប់ធ្នាប់ សុខសុភមង្គល ដូចមានសុភាសិតខ្មែរ មួយចំនួនជាតឹកតាង ដូចជា “សំណាបយោងដី ស្រីយោងប្រុស” “សម្ល ឆ្ញាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារប្រពន្ធ” “ស៊ូស្លាប់បាកុំឲ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ” ជាដើម ដែលសុទ្ធសឹងបង្ហាញពីឧត្តមភាពរបស់ស្ត្រី។ នេះសបញ្ជាក់ថា ស្ត្រីជាភេទដ៏សំខាន់ ដែលត្រូវបានឲ្យតម្លៃតាំងពីបុរាណកាលមក»។

បច្ចុប្បន្នសិទ្ធិសេរីភាព និងសមត្ថភាពរបស់ស្ត្រីកាន់តែត្រូវបានគេឲ្យតម្លៃ ស្របតាមតួនាទីនិងភាពសំខាន់ ក៏ដូចជាការចូលរួមដែលមិនអាចខ្វះបាននៅក្នុងគ្រួសារ និងសង្គមនីមួយៗ។ ពីព្រោះបច្ចុប្បន្ននេះស្ត្រីមិនត្រឹមតែជាមេផ្ទះ ក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលខ្លាំងលើវិស័យនានាក្នុងសង្គមនាំមកនូវវឌ្ឍនភាពដោយសារវត្តមានចូលរួមជាចលកររបស់ស្ត្រី។

គួររំឭកដែរថា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា គម្រប់ខួបលើកទី១១០ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារី បានចូលរួមអបអរសាទរក្រោមប្រធានបទ «ស្រ្តី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩»៕

កែសម្រួលដោយ៖ BRANDMEDIA