កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយសប្តាហ៍ មុនកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ កាលពីព្រឹកថ្ងៃពុធ មួយសប្តាហ៍មុនកិច្ចប្រជុំមេដឹកនាំសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។
នេះគឺជាការបាញ់មីស៊ីលផ្លោងជាលើកដំបូងចាប់តាំងពីខែឧសភា ដោយទីក្រុងព្យុងយ៉ាងប្រឆាំងនឹងការហាមឃាត់អន្តរជាតិ និងការគាំទ្រពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងលើការអភិវឌ្ឍន៍អាវុធបែបនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសថា បានរកឃើញមីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលគេសង្ស័យថាជារបស់រយៈចម្ងាយខ្លី បាញ់ចេញពីតំបន់ក្បែររដ្ឋធានីព្យុងយ៉ាងទៅភាគឦសាន។ ដោយ កងយោធាកូរ៉េខាងត្បូងបានតាមដានគ្រាប់មីស៊ីល បន្ទាប់ពីវាបាញ់ ហើយវាហោះបានប្រហែល ៣៥០ គីឡូម៉ែត្រ (២១៧ ម៉ាយ)។
មន្ត្រីយោធា ម្នាក់ក៏បានបញ្ជាក់ផងដែរថា មីស៊ីលទាំងនោះទំនងជាធ្លាក់កប់ទៅក្នុងដី បន្ទាប់មកកូរ៉េខាងត្បូងបានចែករំលែកព័ត៌មានការបាញ់មីស៊ីលនេះជាមួយសហរដ្ឋអាមេរិក និងជប៉ុន ហើយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏បានប្រជុំក្រុមសន្តិសុខបន្ទាន់ និងជូនដំណឹងប្រធានាធិបតីអំពីការបាញ់មីស៊ីលនេះ។ តាមរយៈព័ត៌មាននេះ នាយករដ្ឋមន្ត្រីថ្មីនៃជប៉ុន លោក Sanae Takaichi បានអះអាងថា មិនមានផលប៉ះពាល់ដល់សន្តិសុខជប៉ុនពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនោះទេ។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិច លើកចុងក្រោយនៅថ្ងៃទី ៨ ខែឧសភា ដោយមានការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ពីឆ្នេរភាគកើតកូរ៉េខាងជើង។ គួរបញ្ជាក់ជាថ្មីម្ដងទៀត ប្រទេសនេះ គឺជាប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ និងបានបង្កើនសមត្ថភាពមីស៊ីលក្នុងរយៈមួយទសវត្សរ៍ចុងក្រោយមកហើយ ទោះបីជាត្រូវទទួលការដាក់ទណ្ឌកម្មជាច្រើនពីអង្គការសហប្រជាជាតិ ក៏ដោយ។
ប្រភព៖ Reuter

















