អគ្គលេខាធិការណាតូ លោក Mark Rutte ធ្វើដំណើរទៅវ៉ាស៊ីនតោនភ្លាមៗ ដើម្បីប្រជុំជាមួយTrump បន្ទាប់ពីលោក Trump ងាកទៅរកលោកពូទីន


អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន សប្តាហ៍នេះ។ ការធ្វើដំណើរនេះ ត្រូវបានញេចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះវាកើតឡើងបន្ទាប់ពីលោក Trump មានទស្សនៈផ្លាស់ប្តូរភ្លាមៗ ទៅក្នុងទិសដៅដែលស្របតាមនឹងគោលនយោបាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ NATO បានបញ្ជាក់ថា លោក Rutte នឹងធ្វើដំណើររយៈពេលពីរថ្ងៃ និងនឹងជួបជាមួយលោក Trump ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៃការជួបប្រជុំនោះឡើយ។ តាមរយៈនេះលោក Rutte គឺជាផ្នែកមួយនៃមេដឹកនាំអឺរ៉ុបដែលបានខិតខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលឱ្យលោក Trump បន្តគាំទ្រអ៊ុយក្រែន។ ទោះយ៉ាងណា ការផ្លាស់ប្តូរយោបល់របស់លោក Trump កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការហៅទូរស័ព្ទរយៈពេលពីរម៉ោងជាមួយលោក Putin បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅអឺរ៉ុប។

ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសេតវិមាន បន្ទាប់ពីការហៅទូរស័ព្ទនោះ លោក Trump បានច្រានចោលសំណើសុំផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ហើយបន្តអំពាវនាវឱ្យអ៊ុយក្រែនប្រគល់ទឹកដីខ្លះៗទៅឱ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាព។

ខណៈនេះ ស្ថានការណ៍កាន់តែស្មុគស្មាញបន្ថែមទៀត នៅពេលដែលផែនការសម្រាប់កិច្ចប្រជុំកំពូល Trump–Putin ត្រូវបានផ្អាក បន្ទាប់ពីការហៅទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបានបញ្ជាក់ថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនយោបាយទេ។

ដោយឡែក ការផ្លាស់ប្តូរទិសដៅនយោបាយនេះ របស់លោក Trump បានធ្វើឱ្យមេដឹកនាំអឺរ៉ុបជាច្រើនខកចិត្តជាខ្លាំង បន្ទាប់ពីពួកគេ បានចំណាយពេលជាច្រើនខែគាំទ្រអ៊ុយក្រែន និងសរសើរនូវកិច្ច ខិតខំប្រឹងប្រែងរបស់លោកTrump ក្នុងការស្វែងរកសន្តិភាពជូនពិភពលោក។

ប្រភព៖ POLITICO