ប្រទេសកូរ៉េខាងត្បូងកំពុងដាក់គោលដៅធំក្លាយជាមហាអំណាចការពារជាតិទី៤របស់ពិភពលោកនៅឆ្នាំ ២០៣០


លោកប្រធានាធិបតី Lee Jae Myung បានប្រកាសអំពីការជំរុញគម្រោងថវិកាធំមួយ សម្រាប់ការស្រាវជ្រាវអាវុធ និងបច្ចេកវិទ្យាអវកាស នៅពិព័រណ៍អាវុធ និងអវកាសអន្តរជាតិទីក្រុងសេអ៊ូល (ADEX)២០២៥ កាលពីថ្ងៃចន្ទដើម្បីដាក់គោលដៅក្លាយជាមហាអំណាចការពារជាតិទី៤របស់ពិភពលោកនៅឆ្នាំ ២០៣០។

លោក Lee បានបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុវត្ត “ថវិកាធំជាងការរំពឹងទុក” ដើម្បីជំរុញការច្នៃប្រឌិតផ្នែកការពារ រួមទាំងអាវុធជំនាន់ក្រោយ ប្រព័ន្ធគ្មានមនុស្សបើក និងបច្ចេកវិទ្យាប្រយុទ្ធដែលដឹកនាំដោយបញ្ញាសិប្បនិម្មិត (AI)។

បច្ចុប្បន្ននេះដែរ កូរ៉េខាងត្បូងត្រូវបានចាត់ថ្នាក់ថាជាប្រទេសលក់អាវុធលេខ ១០ លើពិភពលោក នេះបើតាមទិន្នន័យពីស្ថាប័ន SIPRI។ ការឡើងថ្នាក់នេះត្រូវបានជំរុញដោយតម្រូវការអាវុធកើនឡើង ក្រោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលធ្វើឲ្យប្រទេសនេះក្លាយជាអ្នកនាំចេញអាវុធសំខាន់មួយនៅអាស៊ី។

លោក Lee ក៏បាននិយាយថា “ការក្លាយជាមហាអំណាចការពារជាតិមួយក្នុងចំណោមប្រទេសកំពូលទាំងបួនមិនមែនជាសុបិនដែលមិនអាចសម្រេចបានទេ”។ សម្រាប់គោលនយោបាយថ្មីនេះផ្តោតលើការកសាងឯករាជ្យភាពបច្ចេកវិទ្យាផ្ទាល់ខ្លួន ដោយវិនិយោគលើការផលិតឧបករណ៍ អេឡិចត្រូនិក និងសម្ភារៈសមាសធាតុក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស និងពង្រឹងប្រព័ន្ធអេកូឡូស៊ីការពារបច្ចេកវិទ្យាខ្ពស់។

ដោយឡែក វិស័យការពារជាតិរបស់កូរ៉េខាងត្បូងកំពុងឈានចូលដំណាក់កាលថ្មី ក្នុងពេលដែលមហាអំណាចប្រពៃណីដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសដែលមានសមត្ថភាពបច្ចេកវិទ្យាខ្ពស់។ ការកើនឡើងនៃការនាំចេញកាំជ្រួច ទៅនាវាចម្បាំង និងគ្រាប់រំសេវ បានធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាដៃគូជម្រើសថ្មីសម្រាប់ប្រទេសដែលស្វែងរកអ្នកផ្គត់ផ្គង់អាវុធដែលអាចទុកចិត្តបាន។

ក្នុងនោះផងដែរ រដ្ឋាភិបាលកូរ៉េបានសន្យាវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) រហូតដល់ឆ្នាំ ២០៣០ ដោយក្រុមហ៊ុនការពារជាតិធំៗដូចជា Hanwha, LIG Nex1, និង Hyundai Rotem ក៏បានបង្ហាញគម្រោងអាវុធគ្មានមនុស្សបើក នៅពិព័រណ៍ ADEX ដើម្បីទាក់ទាញអតិថិជននាំចេញថ្មីផងដែរ។

ជាងនេះទៅទៀត រដ្ឋាភិបាលកូរ៉េក៏រំពឹងថានឹងប្រើប្រាស់វេទិកា ADEX ២០២៥ដើម្បីប្រកាសកិច្ចព្រមព្រៀងនាំចេញថ្មី និងគម្រោងវិនិយោគរួម ដើម្បីពង្រីកបច្ចេកវិទ្យាការពារជាតិទៅកាន់ទីផ្សារបរទេស។
យ៉ាងណាមិញ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ កូរ៉េខាងត្បូងអាចកំណត់ឡើងវិញនូវសមតុល្យយោធានៅអាស៊ី និងអាចក្លាយជាប្រទេសផលិតអាវុធសំខាន់មួយរបស់ពិភពលោក។

ប្រភព៖ Moderndiplomacy