សមត្ថកិច្ចឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានបណ្តុះគំនិតជ្រុលនិយម និងចោទប្រកាន់រាជរដ្ឋាភិបាលខុសច្បាប់
កាលពីថ្ងៃទី១៤ តុលា ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទប្រហារ រួមគំនិតក្បត់ និងធ្វើសកម្មភាពតាមប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគមន៍ និងបណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណាមិញ ជនសង្ស័យត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់។ តាមរយៈការសារភាព និងភស្តុតាងដែលប្រមូលបាន សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់។ គួរបញ្ជាក់ថា សកម្មភាពនោះមានគោលបំណងបណ្តុះគំនិតជ្រុលនិយម បញ្ចេញមតិឧបត្ថម្ភឱ្យប្រជាពលរដ្ឋចូលរួមធ្វើបដិវត្តពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចនឹងលំនាំប្រទេសនេប៉ាល់។
ជាងនេះទៅទៀត សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ជាការអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ដោយផ្អែកលើអង្គហេតុ និងភស្តុតាងច្បាស់លាស់ មិនទាក់ទងនឹងបញ្ហានយោបាយឡើយ។ ការអនុវត្តច្បាប់លើបុគ្គលដែលប្រព្រឹត្តបទល្មើស គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបគោរពច្បាប់ជាធរមាន។
ចំពោះសេចក្ដីលើកឡើងពីអង្គការសង្គមស៊ីវិលខ្លះ ដែលបានផ្សព្វផ្សាយថា ការឃាត់ខ្លួននេះជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬបង្ហាញភាពបំភិតបំភ័យផ្នែកនយោបាយ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលច្បាស់លាស់ថា សេចក្ដីចោទប្រកាន់ទាំងនោះ គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានផ្អែកលើអង្គច្បាប់និងអង្គហេតុពិត។ ដោយឡែកបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីបន្តទៅមុខ។
ប្រភព៖ ក្រសួងព័ត៌មាន












