|

ក្រសួងអប់រំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី AUN-QA ដើម្បីនាំឧត្តមសិក្សាកម្ពុជាទៅកាន់ការទទួលស្គាល់កម្រិតតំបន់ និងអន្តរជាតិ


ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN) បានរៀបចំវគ្គបណ្តុះបណ្ដាលស្ដីពី AUN-QA (ASEAN University Network-Quality Assurance) សម្រាប់ការវាយតម្លៃកម្មវិធីអប់រំ (កម្រិត១) វគ្គ៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា វិទ្យាស្ថានបច្ចេកវិទ្យា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងមានការចូលរួមជាអ្នកសង្កេតការណ៍ (Observers) មកពីធនាគារពិភពលោកប្រចាំកម្ពុជា នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង៖ ១. អភិវឌ្ឍសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាក្នុងការវាយតម្លៃដោយខ្លួនឯងលើកម្មវិធីសិក្សា និងការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃកម្រិតកម្មវិធីសម្រាប់ដាក់សំណើសុំការវាយតម្លៃពី AUN-QA ដើម្បីបានការទទួលស្គាល់គុណភាពនៃស្ដង់ដាកម្រិតតំបន់អាស៊ាន និង ២. កសាងសមត្ថភាពអគ្គនាយកដ្ឋានឧត្តមសិក្សាដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការអនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវការផលិតធនធានមនុស្សមានគុណភាពកម្រិតជាតិ តំបន់ និងអន្តរជាតិ។

វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមកិច្ចសហការភាពជាដៃគូរវាងអគ្គនាយកដ្ឋានឧត្តមសិក្សា ជាមួយ AUN ដើម្បីនាំឧត្តមសិក្សាកម្ពុជាទៅកាន់ការទទួលស្គាល់កម្រិតតំបន់ និងអន្តរជាតិ៕