កងទ័ពមីយ៉ាន់ម៉ាប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយឃាត់ខ្លួនមនុស្សបានជាង ២០០០នាក់ នៅជិតព្រំដែនថៃ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា កងទ័ពមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការវាយឆ្មក់ដ៏ធំមួយលើបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅជិតព្រំដែនប្រទេសថៃ ដោយឃាត់ខ្លួនមនុស្សជាង ២០០០នាក់ និងរឹបអូសឧបករណ៍បច្ចេកទេសជាច្រើន រួមទាំងស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink ចំនួនរាប់សិបគ្រឿង។
យោងតាមរបាយការណ៍ក្នុងកាសែត Myanma Alinn កាលពីថ្ងៃច័ន្ទ កងទ័ពបានវាយឆ្មក់តំបន់ KK Park ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ល្បី។ ប្រតិបត្តិការនេះជាផ្នែកមួយនៃការបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការលេងល្បែងខុសច្បាប់ និងការក្លែងបន្លំឆ្លងព្រំដែន ដែលចាប់ផ្តើមតាំងពីដើមខែកញ្ញា។
តាមរយៈរបាយការណ៍បានបញ្ជាក់ថា អគារជាង ២៦០ខ្នង ដែលមិនត្រូវបានចុះឈ្មោះស្របច្បាប់ រួមទាំងស្ថានីយអ៊ីនធឺណិតផ្កាយរណប Starlink ចំនួន ៣០ ទៀតដែលទ័ពមីយ៉ាន់ម៉ារឹបអូស។យ៉ាងណាមិញកងទ័ពបានអះអាងថាបុគ្គលចំនួន ២១៩៨នាក់ត្រូវបានឃុំខ្លួន ប៉ុន្តែមិនបានបញ្ជាក់អំពីសញ្ជាតិរបស់ពួកគេទេ។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថាជាតំបន់ដែលមានការរៀបចំប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតយ៉ាងច្រើន ដែលជាផ្នែកមួយនៃបណ្តាញបោកប្រាស់មនុស្សនៅទូទាំងពិភពលោក។ ប្រតិបត្តិការទាំងនេះភាគច្រើនពាក់ព័ន្ធនឹងការទាក់ទាញជនរងគ្រោះតាមអ៊ីនធឺណិត តាមរយៈការលេងល្បែង ឬការវិនិយោគក្លែងក្លាយ។
ដោយឡែក នៅក្នុងតំបន់ KK Park ត្រូវបានគេស្គាល់ថាជាកន្លែងដែលជ្រើសរើសពលករមកពីប្រទេសផ្សេងៗដោយសន្យាថានឹងផ្តល់ការងារស្របច្បាប់ ប៉ុន្តែបន្ទាប់មកក៏ត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទៅវិញ។
គួរបញ្ជាក់ដែរថា KK Park មានទីតាំងនៅជាយក្រុង Myawaddy ក្នុងរដ្ឋ Kayin ដែលជាតំបន់ពាណិជ្ជកម្មសំខាន់នៅជិតព្រំដែនប្រទេសថៃ។ តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា ប៉ុន្តែផ្នែកមួយក៏ស្ថិតក្រោមឥទ្ធិពលកងជីវពលជនជាតិភាគតិចផងដែរ។
មុននេះ ក៏មានការបង្រ្កាបប្រតិបត្តិការឆបោកជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំនេះ និងក្នុងឆ្នាំ ២០២៣ ផងដែរ។ ដោយឡែកក្រោមសម្ពាធពីប្រទេសជាច្រើនដូចជា ចិន ប្រទេសថៃ និងមីយ៉ាន់ម៉ាផងនោះ ក៏មានការបង្កើតឡើងនូវការចាប់ផ្តើមក្រុមប្រតិបត្តិការរួមមួយ កាលពីខែកុម្ភៈ ដោយបានសង្គ្រោះមនុស្សរាប់ពាន់នាក់ដែលត្រូវបានជួញដូរពីតំបន់ឆបោក និងធ្វើការជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មនេះ។
ប្រភព៖ The Guardian












