អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ប្រចាំ IPU លើកទី១៥១ ប្រកាសច្រានចោលរបាយការណ៍មិនពិត និងបំភាន់ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation
ថ្ងៃទី១៩ តុលា ២០២៥ – អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវបានឲ្យដឹងថា កម្ពុជាច្រានចោលនូវរបាយការណ៍មិនពិតដែលផ្សាយដោយកាសែត The Nation ក្រោមចំណងជើង “ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ”។
គណៈប្រតិភូកម្ពុជាក៏បានបញ្ជាក់ថា របាយការណ៍នេះបានបំភ្លៃ និងបង្ហោះព័ត៌មានខុសពីការពិត ដោយអះអាងថា កម្ពុជាបាន “វាយប្រហារថៃនៅគ្រប់វេទិកា” និង “ប្រើវេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ”។ ជាក់ស្តែង កម្ពុជាមិនធ្លាប់ប្រើពាក្យពេចន៍ណាមួយក្នុងបទអន្តរាគមន៍ផ្លូវការដើម្បីប្រឆាំង ឬបដិសេធសំណើរថៃឡើយ។ ផ្ទុយទៅវិញ កម្ពុជាគ្រាន់តែស្នើឱ្យពិនិត្យ និងកែលម្អសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវលើគោលការណ៍គ្រឹះរបស់ IPU ដូចជា៖ ភាពមិនលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយស្ថាបនាតែប៉ុណ្ណោះ។
ដោយឡែក គណៈប្រតិភូកម្ពុជាក៏បានរំលឹកថា ក្នុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និង APA កម្ពុជា តែងតែមានឥរិយាបថមានកិត្តិយស មានភាពអត់ធ្មត់ និងគោរពសមាជិកទាំងអស់ ដោយគោរពតាមវិន័យ និងគោលការណ៍របស់ IPU និងអាស៊ានយ៉ាងម៉ឺងម៉ាត់។
យ៉ាងណាមិញ កម្ពុជា បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការប្រើប្រាស់ព័ត៌មានខុសប្រែ និងគ្មានមូលដ្ឋានរបស់កាសែត The Nation ដែលអាចបង្កការយល់ច្រឡំសាធារណៈ និងប៉ះពាល់ដល់មិត្តភាពរវាងប្រជាជនកម្ពុជា និងថៃ។
ជាងនេះផងដែរ កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តថា សេចក្តីពិត និងយុត្តិធម៌ត្រូវបានឈ្នះជានិច្ច។ ដោយឡែកគណៈប្រតិភូកម្ពុជា ក៏បានអនុវត្តភារកិច្ចដោយសុច្ចរិត ភាពស្មោះត្រង់ តម្លាភាព និងគោលតម្លៃរួមនៃកិច្ចសហប្រតិបត្តិការអាស៊ាន។
កម្ពុជាបានបញ្ជាក់ឡើងវិញអំពីការគោរពឥតលំអៀងចំពោះសហភាពអន្តរសភា និងជឿជាក់លើសមត្ថភាពរបស់មហាសន្និបាតក្នុងការបំបែករវាង “ការពិត” និង “ការប្រឌិត” ដោយបន្តប្តេជ្ញាធ្វើការជាមួយគណៈប្រតិភូទាំងអស់ រួមទាំងថៃ ដើម្បីជំរុញសន្តិភាព ការសន្ទនា និងការអភិវឌ្ឍដ៏ចីរភាពក្នុងតំបន់ និងលើឆាកសកល។
នាឱកាសនេះ កម្ពុជាក៏បានស្នើរឱ្យភាគីពាក់ព័ន្ធទាំងអស់ ចៀសវាងការផ្សាយព័ត៌មានមិនពិត និងគោរពគោលការណ៍នៃវិជ្ជាជីវៈ យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាបានដឹងយ៉ាងច្បាស់លាស់ថា «សច្ចៈភាពមិនខ្លាចការត្រួតពិនិត្យឡើយ ហើយជំហរកម្ពុជាឈរលើភាពស្មោះត្រង់ និងតម្លាភាព»
ប្រភព៖ ក្រសួងព័ត៌មាន













