មនុស្ស ២ នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងសមុទ្រនៅហុងកុង!
យន្តហោះដឹកទំនិញ Boeing 747 មួយគ្រឿងបានដាច់ចេញពីផ្លូវរត់ ហើយធ្លាក់ចូលទៅក្នុងសមុទ្រ កំឡុងពេលហោះទៅអាកាសយានដ្ឋានអន្តរជាតិហុងកុង កាលពីព្រឹកថ្ងៃចន្ទ បណ្ដាលឲ្យបុគ្គលិក ២ នាក់បានស្លាប់។
ក្រុមប៉ូលីសបានបញ្ជាក់ថា យន្តហោះបានធ្លាក់រួចទៅបុកបុរស២នាក់ ដែលម្នាក់ត្រូវបានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងបុរសម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ North Lantau ក្រោយពីបានសង្គ្រោះយកទៅព្យាបាល។
តាមរយៈសារព័ត៌មានបានបញ្ជាក់ថា សមាជិកនាវិកចំនួន ៤ នាក់ដែលនៅលើយន្តហោះ Emirates SkyCargo Flight EK៩៧៨៨នោះ បានគេចខ្លួនចេញដោយសុវត្ថិភាព និងមិនបានរងរបួសនោះទេ។ យ៉ាងណាមិញ ឧបទ្ទវហេតុដែលកើតឡើងនេះ គឺប្រហែលជានៅវេលា ម៉ោង ៤ព្រឹក។
យន្តហោះ Boeing ៧៤៧-៤៨១ ដែលបានធ្វើដំណើរការដោយក្រុមហ៊ុន Air ACT (ទួរគី) នេះគឺមានគោលដៅទៅអាកាសយានដ្ឋានអន្តរជាតិ Al Maktoum នៅទីក្រុងឌូបៃ។
ផ្លូវរត់ភាគខាងជើងនៅហុងកុង នៅតែបិទជាបណ្ដោះអាសន្ន ខណៈដែលអាជ្ញាធរអាកាសយានដ្ឋាន និងស្ថាប័នពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតលើករណីនេះ។ ដោយឡែកក្រុម HKFP ក៏បានទាក់ទងទៅអាជ្ញាធរអាកាសយានដ្ឋានផងដែរ សម្រាប់ការផ្ដល់យោបល់ ប៉ុន្តែក៏មិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ។
ប្រភព៖ HongKong















