|

កម្ពុជាប្រកាន់ជំហរអត់ធ្មត់ និងគោលការណ៍ដោះស្រាយជម្លោះជាមួយថៃតាមច្បាប់អន្តរជាតិ ដើម្បីអាចវិលទៅរកប្រក្រតីភាពទំនាក់ទំនងឡើងវិញ


នាព្រឹក ថៃ្ងព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។

ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន។

ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ បានរៀបចំពិធី សំណេះសំណាលចំនួន៣២លើក មានអ្នកចូលរួមសរុបចំនួន៦.៣៥៣នាក់ ដើម្បីតាមដានអំពី វឌ្ឍនភាពការងារស្តីពីបញ្ហាប្រឈម សំណូមពរ និងតាមដានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍ មូលដ្ឋាន គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពាន របស់ថៃ។ ជាមួយគ្នានេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ បានសហការជាមួយអង្គការ សង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ (IMR) ប្រចាំនៅកម្ពុជា និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីចុះទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន៤១០នាក់ នៅខណ្ឌកំបូល និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួម ចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោក កំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែង យុទ្ធសាស្រ្ត-ភូមិសាស្ត្ររបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយភាគីថៃ។ ក្នុងរយៈពេល៣ខែនៃចន្លោះសម័យប្រជុំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅចំពោះមុខភាពគឃ្លីននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេច អគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពន
ទំនាក់ទំនងឡើងវិញ។

ជាងនេះទៅទៀត ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាក៏បានសម្ដែងនូវការដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។