ហ្វីលីពីន និងឥណ្ឌូណេស៊ី ចេញការព្រមានអំពីការមកដល់នៃរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ


ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បានចេញ ការព្រមានរលកយក្សស៊ូណាមិ បន្ទាប់ពីមាន រញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរសមុទ្រ Mindanao នៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរអាស៊ីអាគ្នេយ៍ទាំងពីរបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ឆ្នេរមានការ យកចិត្តទុកដាក់ខ្ពស់ និងធ្វើការជម្លៀសប្រជាជនជាបន្ទាន់។

ប្រធានមជ្ឈមណ្ឌលរញ្ជួយដីនិងស៊ូណាមិ របស់ឥណ្ឌូនេស៊ី បានប្រាប់ថា រលកយក្សស៊ូណាមិអាចមានកម្ពស់ពី ៣.៥cm ដល់ ១៧cm ដែលត្រូវបានកត់ត្រានៅកោះ Talaud ក្នុងភាគខាងជើង Sulawesi កម្ពស់នេះវាត្រូវបានគេហៅថា “រលកយក្សស៊ូណាមិតូច” ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ អាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងកុំជឿព័ត៌មានមិនបានបញ្ជាក់ច្បាស់លាស់។

វិទ្យាស្ថាន Phivolcs បានព្រមានអំពី “រលកយក្សស៊ូណាមិ ថានឹងបំផ្លិចបំផ្លាញ” ដែលអាចមានកម្ពស់ខ្ពស់ លើសពី ១ ម៉ែត្រ ហើយអាចខ្ពស់ជាងនេះនៅតាមច្រកឆ្នេរសមុទ្រនានា។ បើតាមការប៉ាន់ស្មាន រលកដំបូងអាចរំពឹងថា នឹងមកដល់ មុនម៉ោង ១១.៤៣នាទី ព្រឹកហើយអាចបន្តដល់រាប់ម៉ោង។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក ក៏បានបន្ថែមថា រលកអាចឡើងដល់ ៣ ម៉ែត្រ នៅតាមឆ្នេរសមុទ្រផ្សេងៗផងដែរ។

ទីភ្នាក់ងារគ្រោះមហន្តរាយក្នុង Manay មិនទាន់ទទួលរបាយការណ៍ថាមានអ្នកស្លាប់ ឬរបួសប៉ន្មាននាក់ក្នុងគ្រោះរញ្ជួយដីនេះទេ ប៉ុន្តែមើលឃើញថាសិស្សខ្លះបានដួលសន្លប់។ ដោយឡែក បុគ្គលិកសណ្ឋាគារ ម្នាក់បាននិយាយថា ការរញ្ជួយដីនេះកើតឡើងមានរយៈពេលច្រើននាទីដែលធ្វើឲ្យគ្រប់គ្នា កើតមានអារម្មណ៍ “ភ័យខ្លាច និងញ័រ”ជាខ្លាំង។ ចំណែកឯសភាពការណ៍ នៅទីក្រុង Davao មានភាពច្របូកច្របល់ខ្លាំង ឯនៅមន្ទីរពេទ្យវិញ អ្នកជំងឺ ត្រូវបានបុគ្គលិកជាច្រើនកំពុងជម្លៀសចេញ។

ហ្វីលីពីនជាប្រទេសងាយរងគ្រោះនឹងគ្រោះធម្មជាតិជាញឹកញាប់ណាស់ ហើយសប្តាហ៍មុន បានកើតមានគ្រោះរញ្ជួយដី ៧វិចទ័ ដែលបានសម្លាប់មនុស្ស ៧៤នាក់ និងរបួសជាង ៥០០ នាក់នៅ Cebu ហើយប្រទេសនេះក៏ជួប ព្យុះទីហ្វុង និងព្យុះត្រូពិច ជារឿយៗផងដែរ។

យ៉ាងណាមិញ អាជ្ញាធរប្រទេស ទាំងពីរបានបន្តតាមដានស្ថានភាព និងនឹងបន្តផ្តល់ព័ត៌មានលម្អិតបន្ថែម នៅពេលមានហេតុការណ៍ថ្មីៗ ទោះជាយ៉ាងណា ប្រជាពលរដ្ឋត្រូវបន្តគោរពតាមណែនាំរបស់អាជ្ញាធរ និងរក្សាសុវត្ថិភាពខ្លួនឯងជាចម្បង។

ប្រភព៖ BBC