ឈ្វេងយល់ពីលក្ខណៈពិសេសប្លែក ៥ យ៉ាងនៃបុណ្យកឋិន
បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុ សង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណា មួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬ កឋិនទានចីវរដូចជាចីវរទានទាំងពួកដែរតែមានឈ្មោះវិសេសប្លែក ជាងទានដទៃ ដែលធ្វើហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងពួង ព្រោះប្លែកពីចីវរទានឯទៀតដោយលក្ខណៈ ៥យ៉ាងគឺ៖
១- ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលមានតែ ២៩ថ្ងៃគឺខែអស្សជ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៤រោច (ខែដាច់) ខែកត្តិក១៥ថ្ងៃពីត្រឹម១កើត ដល់១៥កើត(ពេញបូណ៌មី)។រយៈ កាលនេះ ពាក្យសាមញ្ញហៅថារដូវកឋិន ក្នុងរដូវនេះទាយកចង់ មកធ្វើថ្ងៃណាមួយក៏បានឲ្យតែស្ថិតក្នុងថ្ងៃ ទាំង២៩នេះហើយវត្ត មួយធ្វើបានតែម្តងប៉ុណ្ណោះ។
២- ប្លែកដោយវត្ថុ គឺសំពត់ដែលក្រាលកឋិននោះ បានតែស្បង់ឬ ចីពរឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិសំពត់ក្រៅពី នេះធ្វើពុំបានហើយសំពត់ទាំង៣មុខទៀតសោតនឹងយកទាំងអស់ ជាអង្គកឋិនក៏ពុំបានគឺបានតែ១មុខ ទោះបីទាយកយកចីវរ១ត្រៃគឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់កឋិនមកវេរប្រគេនក៏ភិក្ខុអ្នក ក្រាលគ្រងលោករើសយកតែវត្ថុណាមួយធ្វើជាអង្គកឋិន គឺលោក ចង់យកស្បង់ក៏បានចីពរក៏បាន សង្ឃាដីក៏បាន ស្រេចលើព្រះទ័យ លោក ឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយប្បញ្ញត្តិតែតាមធម្មតាលោក អ្នកក្រាលគ្រងច្រើនយកសង្ឃាដី ជាអង្គកឋិនដោយលោកយល់ ថាបណ្តាចីវរ ១ ត្រៃ សង្ឃាដីជាចីវរធំជាងគេ។
៣- ប្លែកដោយអំពើ គឺបុគ្គលអ្នកគប្បីធ្វើឲ្យត្រូវរបៀបតាមព្រះវិន័យ។
៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុ ក្រៅពីភិក្ខុពុំបានឡើយហើយភិក្ខុនោះទៀត លុះតែបាននៅចាំ វស្សាគ្រប់៣ខែក្នុងវត្តណាមួយទើបទទួលក្រាលគ្រងនិង អនុមោទនា កឋិនក្នុងវត្តនោះបានភិក្ខុដែលមិនបានចាំវស្សាឬបាន នៅចាំវស្សាដែរតែឲ្យដាច់ក៏ទទួលពុំបាន។
៥- ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអនិសង្ស៥យ៉ាង ក្នុងរវាង៥ខែដូចមានក្នុងវិន័យបិដកភាគ៨ត្រង់កឋិនក្ខន្ធកៈ ថា៖ អនាមន្តចារោ ត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នា ដោយមិនមានទោស។ អសមាទានចារោ ត្រាច់ទៅដោយមិនបាច់ យកត្រៃចីវរគ្រប់ប្រដាប់ទៅជាមួយបាន។ គណភោជនំ ឆាន់ ភោជនបាន។ យាវទត្ថចីវរំ ទុកដាក់អតិរេកចីវរបានតាមត្រូវការ។ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរដែលកើតឡើង ក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុនោះ។ ដោយកឋិនទានជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និង អនុមោទនា បានអានិសង្ស៥យ៉ាង ដូចពោលមកនេះហើយបាន ជាទាយកអ្នកធ្វើកឋិនត្រូវបានអានិសង្សច្រើនជាអនេកត្រារាប់ពុំ បានឡើយ ព្រោះជាចីវរទានពិសេសប្លែកពីចីវរទាននានាដូច ពោលមកនេះឯង។ ចីវរទានឲ្យហើយបានទទួលផលានិសង្ស៥ យ៉ាង ដែលប្រកបដោយសេចក្តីសុខស្រួលដល់ភិក្ខុសង្ឃជាអ្នក ទទួលទានផង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុ ខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាណាមួយបានឲ្យនូវសេចក្តី សុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹង សេចក្តីសខសេល សេចក្តីសុខស្រួលវិញពិតប្រាកដពុំខានឡើយ។
គួរបញ្ជាក់ថា កឋិនទានឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ













