រុស្ស៊ីបង្កើនប្រាក់លើកទឹកចិត្តខ្ពស់បំផុតមិនធ្លាប់មានដល់អ្នកចុះឈ្មោះធ្វើយោធា ដើម្បីជំរុញកម្លាំងប្រយុទ្ធនៅអ៊ុយក្រែន!


តំបន់ជាច្រើននៅរុស្ស៊ី កំពុងបង្កើនប្រាក់រង្វាន់ដល់យោធាថ្មីៗ ក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីអ្នកវិភាគជាច្រើនបញ្ជាក់ថា យុទ្ធនាការជ្រើសរើសយោធាតាមមនោគមវិជ្ជាមិនគ្រប់គ្រាន់ទៀតឡើយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។

ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ជាច្រើនបានប្រកាសបង្កើនប្រាក់រង្វាន់សម្រាប់អ្នកចុះឈ្មោះជាសមាជិកយោធាថ្មី ដល់ទៅ៤ដងក្នុងគោលបំណងបង្កើនចំនួនអ្នកចុះឈ្មោះ។

រុស្ស៊ីកំពុងរងការខាតបង់យោធាជាច្រើនក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដែលតាមការប៉ាន់ស្មានមានយោធារុស្ស៊ីប្រមាណជាង ១លាននាក់ ត្រូវស្លាប់ ឬរបួស ចាប់តាំងពីការឈានចូលវាយលុកពេញទំហំពេញលេញ ប្រមាណ ៣ឆ្នាំកន្លះមកនេះ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានកំណត់ឲ្យការជ្រើសរើសយោធា ជាអាទិភាពសំខាន់បំផុតមួយ នៅក្នុងកិច្ចប្រជុំពាក់កណ្តាលខែសីហា បញ្ជាក់ថា កម្លាំងមនុស្សគឺជាចំណុចស្នូលសម្រាប់គាំទ្រទៅលើប្រតិបត្តិការវាយប្រហារ។

ទោះបីលោក Belousov អះអាងថា រដ្ឋបានសម្រេចគោលដៅជ្រើសរើសយោធាតាមផែនការហើយក៏ដោយ ក៏តែសារព័ត៌មានស៊ើបអង្កេតឯករាជ្យរបស់រុស្ស៊ីឈ្មោះ IStories បានរាយការណ៍ថា ពិតប្រាកដមិនដូចនោះទេ។ តាមទិន្នន័យចំណាយថវិកាផ្លូវការ មានតែប្រមាណ ៣៧,៩០០ នាក់ប៉ុណ្ណោះ ដែលបានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដែលតិចជាងឆ្នាំមុនដល់ ២.៥ ដង។

យ៉ាងណាមិញ ក្នុងរបាយការណ៍វិភាគមួយនៅខែកញ្ញា ISW បានបញ្ជាក់ថា អាជ្ញាធររុស្ស៊ី និងអ្នកជ្រើសរើសក្រៅផ្លូវការ នឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដូចជា ផ្ដល់ប្រាក់រង្វាន់ ការបញ្ឆោត និងការបង្ខំ ដើម្បីបង្កើនចំនួនអ្នកចូលរួមជាអ្នកប្រយុទ្ធថ្មីៗ។

ប្រភព៖ CNN