កម្ពុជាស្នើឲ្យភាគីថៃចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ដោយចៀសវាងសកម្មភាពប៉ះពាល់ដល់សន្តិសុខប្រជាពលរដ្ឋ
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃ បានបញ្ជាក់ មកកាន់យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ស្តីអំពីការប្រជុំវិសាមញ្ញលើកទី២ រវាងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ។ តាមស្មារតីនៃកិច្ចប្រជុំទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ភាគីកម្ពុជា តាមរយៈយោធភូមិភាគទី៥ បានស្នើអញ្ជើញភាគីថៃ ដើម្បីចូលរួមកិច្ចប្រជុំវិសាមញ្ញនេះ នៅថ្ងៃទី១០–១២ ខែតុលា ឆ្នាំ២០២៥ នៅក្រុងរប៉ាយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ទោះយ៉ាងណា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ភាគីថៃបានឆ្លើយតបថា ត្រូវឲ្យភាគីកម្ពុជា រៀបចំផែនការជម្លៀសប្រជាពលរដ្ឋកម្ពុជា ចេញពីតំបន់ក្នុងបរិវេណចំនួន៣ នៅខេត្តស្រះកែវសិន ទើបយល់ព្រមចូលរួមកិច្ចប្រជុំ។
ក្នុងសេចក្ដីជូនដំណឹងនេះ យោធភូមិភាគទី៥បានបញ្ជាក់ជំហរដូចតទៅ៖
១. ការប្រជុំរវាងភាគីទាំងពីរ គឺជាការអនុវត្តតាមស្មារតីនៃកិច្ចប្រជុំ GBC របស់ប្រទេសទាំងពីរ កម្ពុជា–ថៃ និងក៏បានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ២. ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចានំ ត្រូវអនុវត្តតាមអ្វីដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាពិសេសចំណុចទី៨ ដែលប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) ជាយន្តការមានសមត្ថកិច្ច។ ក្នុងន័យនេះ កិច្ចប្រជុំថ្នាក់ RBC គឺមានតួនាទីត្រឹមតែសម្រួលបញ្ហានៅតំបន់ បន្ធូរភាពតានតឹង និងដោះស្រាយដោយសន្តិវិធី ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់ខ្សែព្រំដែនឡើយ។ ៣. ការអង្កេតជាក់ស្តែងបានបង្ហាញថា មានប្រជាពលរដ្ឋថៃមួយចំនួនកាន់កាប់ និងប្រើប្រាស់ដីធ្លី នៅក្នុងតំបន់អធិបតេយ្យភាពកម្ពុជា។ ស្ថានការណ៍នេះបង្ហាញពីភាពស្មុគស្មាញនៃបញ្ហាព្រំដែន ដែលទាមទារការគោរពយ៉ាងម៉ឺងម៉ាត់ទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍របស់ភាគីទាំងពីរ។ ដូច្នេះកម្ពុជាប្រកាន់ជំហរ ត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ស្តីពីតំបន់ជោគជ័យ និងព្រៃចាន់ដើម្បីរកដំណោះស្រាយឲ្យច្បាស់លាស់។ ៤. ភាគីកម្ពុជាក៏បានស្នើឲ្យថៃគោរពតាមអ្វីដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំ GBC កន្លងមក។ ជាពិសេសត្រូវបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយជៀសវាងសកម្មភាពណាដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងពីរភាគី។
ដោយឡែក ក្រោមការនាំពាក្យរបស់ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ប្រទេសកម្ពុជាបន្តប្តេជ្ញាចិត្តធ្វើតាមកិច្ចព្រមព្រៀង និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី សន្តិសុខ និងស្ថិរភាពតំបន់។
ប្រភព៖ ក្រសួងការពារជាតិ














