អតីតបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញមូលហេតុដែលជំរុញឲ្យរដ្ឋបាល Biden លើកលែងទោសដល់ប្រធានាធិបតី Donald trump


អតីតបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Mitt Romney បានបង្ហើបកាលពីពេលថ្មីៗនេះថា លោកបានទូរស័ព្ទទៅកាន់សេតវិមាន ក្នុងអំឡុងពេលរដ្ឋបាលលោក Joe Biden ដើម្បីជំរុញឱ្យធ្វើការលើកលែងទោសជាមុនដល់លោក Donald Trump ប្រសិនបើក្រសួងយុត្តិធម៌សម្រេចចោទប្រកាន់។ បន្ថែមលើសនេះ លោក Romney ពន្យល់ថា គោលបំណងរបស់លោកគឺដើម្បីជៀសវាងការបង្កើតកំហឹង ការស្អប់ខ្ពើម និងជម្លោះនយោបាយកាន់តែខ្លាំង ប៉ុន្តែចុងក្រោយ សេតវិមានមិនបានអនុវត្តតាមយោបល់របស់លោកឡើយ។

ក្នុងការបង្ហាញទស្សនៈលើរឿងនេះ អតីតសមាជិកព្រឹទ្ធសភារដ្ឋ Utah រូបនេះបានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដើម្បីដាក់ទណ្ឌកម្មលើគូប្រជែងនយោបាយ គឺជាផ្លូវដ៏គ្រោះថ្នាក់។ លោកបានយោងទៅលើករណីដែលរដ្ឋបាល Trump ចោទប្រកាន់អតីតនាយក FBI លោក James Comey ហើយឲ្យដឹងថាលោកមិនអាចយល់ស្របនឹងការប្រព្រឹត្តបែបនេះបានឡើយ។ ពាក្យសម្ដីរបស់លោក Romney ក៏បានបញ្ជាក់ថា ការឆ្លើយតបរបស់លោក Trump ច្រើនផ្អែកលើអារម្មណ៍ និងបំណងសងសឹកផងដែរ។

បន្ថែមលើនេះRomney ក៏បានចោទប្រកាន់ថា សកម្មភាពបច្ចុប្បន្នរបស់លោក Trump សុទ្ធតែបន្តតាមការសន្យានៅក្នុងយុទ្ធនាការក្នុងអតីតកាល ដោយចង់បង្កើនអំណាចប្រតិបត្តិ និងបន្ថយអង្គភាពឯករាជ្យ។ លោកបានថ្លែងថា ករណីខ្លះអាចជួបប្រទះបញ្ហាផ្នែករដ្ឋធម្មនុញ្ញ ហើយតុលាការកំពូល។ លោក Romney ក៏បន្តថ្លែងចំពោះមតិដែលប្រឆាំងនឹងការដកអ្នកដឹកនាំឯករាជ្យចេញ ពិសេសជាមួយករណីរបស់អ្នកដឹកនាំធនាគារសហព័ន្ធ។

ចំពោះក្នុងវិស័យអន្តរជាតិ លោក Romney បានសម្ដែងការព្រួយបារម្ភចំពោះការជួបប្រជុំរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska ហើយបានអំពាវនាវឱ្យអាមេរិកឈរជាមួយប្រទេសអ៊ុយក្រែន។ ចំពោះសេដ្ឋកិច្ចក្នុងស្រុក លោកបានបង្ហាញការភ្ញាក់ផ្អើលចំពោះតម្លៃផលិតផលប្រចាំថ្ងៃដែលកំពុងកើនឡើង ហើយបានរិះគន់គោលនយោបាយពន្ធរបស់ Trump ដែលលោកចាត់ទុកថាមិនមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា លោក Romney ក៏ទទួលស្គាល់ថា ប្រទេសចិនសមនឹងទទួលពន្ធខ្ពស់ ប៉ុន្តែការអនុវត្តគួរតែធ្វើជាមួយសម្ព័ន្ធមិត្ត។

ក្រៅពីនេះ លោក Romney ក៏បានបង្ហាញការសោកស្តាយចំពោះអំពើហឹង្សានៅលើស្ថាប័នសាសនា ដែលបានកើតឡើងនៅព្រះវិហារនានា និងករណីបាញ់ប្រហារនៅសាកលវិទ្យាល័យ Utah Valley។ លោកបានជំរុញឱ្យមានការគោរពសិទ្ធិនិយាយ ដោយឡែកក្នុងទស្សនៈនយោបាយ អតីតសមាជិកព្រឹទ្ធសភារូបនេះបានព្យាករណ៍ថា JD Vance អាចក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៨ ហើយមានឱកាសខ្លាំងក្នុងការឈ្នះផងដែរ។

ដោយឡែកលោក Romney បានរំលឹកទៅលើមេរៀននយោបាយពីឪពុករបស់លោក គឺអតីតអភិបាលរដ្ឋ Michigan លោក George Romney ដែលបានបង្រៀនថា «មិនមានការឈឺចាប់ណាដូចត្រូវបានចោទប្រកាន់ដោយមនសិការ​ផ្ទាល់ខ្លួនទេ» សេចក្តីថ្លែងទាំងនេះ បានបង្ហាញពីជំហរដែលមានលក្ខណៈផ្ទាល់ខ្លួន និងមតិវាយតម្លៃរបស់ Romney ចំពោះទិសដៅនយោបាយសហរដ្ឋអាមេរិកសព្វថ្ងៃ។

ប្រភព៖ CNN