អគារសាលាបង្រៀនសាសនាអ៊ីស្លាមក្នុងក្រុង Sidoarjo ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានដួលរលំ បណ្ដាលឲ្យសិស្សស្លាប់ ៣ នាក់ និង៩១ នាក់បាត់ខ្លួន
អគារសាលាបង្រៀនសាសនាអ៊ីស្លាមមួយនៅក្រុង Sidoarjo ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានដួលរលំ នៅពេលសិស្សកំពុងអធិស្ឋាន កាលពីថ្ងៃចន្ទ។ ការដួលរលំនេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣ នាក់ និងមានអ្នកបាត់ខ្លួនរហូតដល់ទៅ ៩១ នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងបន្តការស្វែងរកជនរងគ្រោះក្រោមកំទេចកំទី។ អាជ្ញាធរបានបញ្ជាក់ថា កុមារជាង ៥០ នាក់ និងកម្មកររបស់សាលាត្រូវបានរាប់បញ្ចូលក្នុងចំណោមអ្នកបាត់ខ្លួន។
ដោយឡែកក្រុមជួយសង្គ្រោះបានប្រើកាមេរ៉ាពិសេស និងឧបករណ៍ស្វែងរក ដើម្បីសង្កេតសញ្ញានៃមនុស្សក្រោមសំណល់។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា មានជនរងគ្រោះយ៉ាងតិច ៦ នាក់បង្ហាញសញ្ញាថាអាចនៅរស់រាននៅឡើយ ក្រោមបន្ទះបេតុង។ ទោះជាយ៉ាងណា អាជ្ញាធរបានសម្រេចមិនប្រើឧបករណ៍ធុនធ្ងន់ក្នុងការដកសំណល់ ដោយកង្វល់ថា អាចបណ្ដាលឲ្យរចនាសម្ព័ន្ធដែលនៅសល់ដួលរលំបន្ថែម យ៉ាងណាមិញអ្នករងរបួស ២៦ នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។
យោងតាមការបញ្ជាក់ពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ (BNBP) មូលហេតុនៃការដួលរលំ គឺបណ្តាលមកពីសសរគ្រឹះមិនអាចទ្រទ្រង់ទម្ងន់នៃការសាងសង់ជាន់ទី ៤ ដែលកំពុងបន្តសាងសង់។ អាជ្ញាធរបានអំពាវនាវឲ្យមានស្តង់ដារសំណង់ និងសុវត្ថិភាពកាន់តែតឹងរឹង ដើម្បីទប់ស្កាត់ឧបទ្ទវហេតុប្រភេទនេះឡើងវិញ។ ការងារសាងសង់បានបន្តអស់រយៈពេលប្រហែល ៤ ខែមកហើយ។
អន្តរាយនេះបានបន្ថែមការព្រួយបារម្ភអំពីសុវត្ថិភាពអគារនៅឥណ្ឌូនេស៊ី ដែលជារឿយៗប្រទះឃើញអគារដួលរលំដោយសារការសាងសង់មិនបានគោរពតាមស្តង់ដារ។ ក្នុងអតីតកាល ក៏មានករណីអគារដួលរលំជាច្រើន រួមទាំងអគារបណ្ដុះបណ្ដាល និងអាគារពាណិជ្ជកម្ម ដែលបានបណ្ដាលឲ្យមានការបាត់បង់ជីវិត និងរបួសជាច្រើន។ ឧបទ្ទវហេតុថ្មីនេះ បានជំរុញឲ្យអាជ្ញាធរចេញអំពាវនាវឲ្យពង្រឹងការត្រួតពិនិត្យគុណភាពសំណង់ និងការគោរពតាមបទដ្ឋានសុវត្ថិភាព។
ប្រភព៖ The Guardian

















