រដ្ឋបាលខេត្តបន្ទាយមានជ័យ តវ៉ាប្រឆាំងនឹងសកម្មភាពរដ្ឋបាលខេត្តស្រះកែវ ដែលអនុវត្តច្បាប់ថៃលើប្រជាពលរដ្ឋកម្ពុជា
បន្ទាយមានជ័យ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសតវ៉ាប្រឆាំងយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពរដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានលើកបដានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារអនុវត្តច្បាប់ក្នុងស្រុកថៃដោយអនុវត្តលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សកម្មភាពលើកបដានេះ គឺជាការគំរាមកំហែងដល់សិទ្ធិប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលបានរស់នៅក្នុងភូមិទាំងពីរយូរយារមកហើយ មុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (MOU 2000) ចូលជាធរមាន។
សេចក្ដីប្រកាសនេះ បានបន្ថែមថា រដ្ឋបាលខេត្តស្រះកែវ មិនមានសមត្ថកិច្ចកំណត់ព្រំដែន ឬអនុវត្តច្បាប់ក្នុងស្រុកថៃលើសហគមន៍កម្ពុជាដែលរស់នៅក្នុងតំបន់មិនទាន់កំណត់ខណ្ឌសីមាព្រំដែនឦ យោងតាមអនុស្សរណៈ (MOU 2000) និងកំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានឯកភាពរក្សាស្ថានភាពដើម រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា សកម្មភាពឯកតោភាគីរបស់ខេត្តស្រះកែវ គឺជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ GBC ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំ RBC ព្រមទាំងរំលោភយ៉ាងច្បាស់លើកំណត់ហេតុកិច្ចប្រជុំពិសេស លើកទី១ របស់ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈកំណត់ហេតុនោះ ភាគីទាំងពីរបានព្រមព្រៀងថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាទាក់ទងនឹងការវាស់វែង និងខណ្ឌសីមាព្រំដែន និងត្រូវដាក់បញ្ហានេះជារបៀបវារៈអាទិភាព។ រហូតដល់មានដំណោះស្រាយផ្លូវការដោយ JBC និង RBC អភិបាលខេត្តទាំងពីរត្រូវសម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់ជាបណ្តោះអាសន្នដោយសន្តិវិធី។
អាស្រ័យលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យរដ្ឋបាលខេត្តស្រះកែវ បញ្ឈប់ភ្លាមៗនូវសកម្មភាពដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងរក្សាស្ថានភាពដើម។ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានសង្ឃឹមថា ខេត្តស្រះកែវនឹងគោរពយ៉ាងស្មោះត្រង់តាមលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់ផែនការបណ្តេញប្រជាពលរដ្ឋកម្ពុជារបស់ភូមិទាំងពីរចេញពីផ្ទះសម្បែង និងដីធ្លីដែលពួកគេបានរស់នៅជាយូរមកហើយ។
ដោយឡែក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យរដ្ឋបាលខេត្តស្រះកែវអនុវត្តតាមការព្រមព្រៀង និងរង់ចាំដំណោះស្រាយផ្លូវការរបស់គណៈកម្មការចំរុះព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចប់ការងារខណ្ឌសីមាព្រំដែន។














