|

សម្ដេច ហ៊ុន សែន៖ ផ្តល់ការវិភាគបន្ថែមអំពីហេតុការណ៍បាញ់ប្រហារ ឆ្នាំ១៩៩៨ ដែលកម្ពុជាអាចនឹងបន្តសង្គ្រាម និងបាត់បង់ឱកាសអភិវឌ្ឍជាតិ


នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារមួយនៅលើផេកផ្លូវការសម្ដេចផ្ទាល់ដោយមានការវិភាគបន្ថែមទាក់ទងហេតុការណ៍បាញ់ប្រហារដើម្បីសម្លាប់សម្ដេចកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីរួមខេត្តសៀមរាប។

សម្ដេចបានបញ្ជាក់ថា ក្នុងអត្ថបទម្សិលមិញ មានចំណុចខ្លះដែលបង្ហាញតែមួយជ្រុងនៃតួនាទី ដោយមិនបានគិតគូរពីកត្តាដទៃទៀត។ ដូចនេះសម្ដេចបានផ្តល់ការវិភាគបន្ថែមអំពីអ្វីដែលអាចកើតមាន ប្រសិនបើសម្ដេចបានស្លាប់ក្នុងព្រឹត្តិការណ៍នោះ។

សម្ដេចបានរំលឹកថា ប្រសិនបើគ្រោះមហន្តរាយនោះកើតឡើង កម្ពុជាអាចនឹងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន រួមមាន៖ ១. ការបង្ហូរឈាមភ្លាមៗនៅទីរួមខេត្តសៀមរាប ដែលនាំឲ្យមានអ្នកស្លាប់ជាច្រើន។ ២. ការគ្រប់គ្រងស្ថានការណ៍ក្លាយជាការលំបាក ប្រហែលនឹងរាំងស្ទះដល់ការបង្កើតរាជរដ្ឋាភិបាលថ្មី។ ៣. ប្រទេសអាចបន្តសង្គ្រាម ដោយបែងចែកជាតំបន់ត្រួតត្រារវាងរាជរដ្ឋាភិបាល និងខ្មែរក្រហម។ ៤. អាចមានអ្នកដឹកនាំនយោបាយឆ្នើមផ្សេងទៀត កើតឡើងក្នុងការសម្របសម្រួលផ្ទៃក្នុង និងរកវិធីបញ្ចប់សង្គ្រាម។

តាមរយៈការសម្របសម្រួលនោះ ប្រទេសកម្ពុជាអាច នាំឲ្យមានសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចលើសលប់ជាងក្នុងសម័យសម្ដេចផ្ទាល់ផង។ ដោយឡែកសម្ដេចបានបន្ថែមថា នៅមានកត្តាផ្សេងៗទៀតដែលមិនបានលើកឡើង ហើយទុកឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃតាមការយល់ឃើញដោយខ្លួនឯង។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយដើម្បីរំលឹកដល់ខួបលើកទី២៧ នៃហេតុការណ៍បាញ់ប្រហារសម្លាប់ ដោយមានខ្លឹមសារថា៖ «ថ្ងៃទី២៤ កញ្ញា ២០២៥ នេះ ជាខួបលើកទី២៧ ឆ្នាំ នៃការបាញ់ប្រហារនៅទីរួមខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨ – ២៤ កញ្ញា ២០២៥)។ ជាសំណាងល្អដែលសម្ដេចមិនមានគ្រោះថ្នាក់ ហើយបានបន្តនៅជាមួយប្រជាជន ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ដែលបានសម្រេចនៅថ្ងៃទី២៩ ធ្នូ ១៩៩៨។

សម្ដេចបានបន្ថែមថា មិនចង់រំលឹកឡើងវិញនូវរឿងរ៉ាវនៅព្រឹកថ្ងៃទី២៤ កញ្ញា ១៩៩៨ ទេ ប៉ុន្តែគួរបញ្ជាក់ថា ប្រសិនបើពេលនោះសម្ដេចបានស្លាប់ឬរងរបួស ប្រទេសកម្ពុជានឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ-ឈ្នះ បានស្លាប់ទៅហើយ។ សម្ដឹចបានបន្តថា ប្រសិនបើសម្ដេចត្រូវរបួសឬស្លាប់ ក៏អាចនាំឲ្យមានអ្នកនយោបាយជាច្រើននាក់នៅទីរួមខេត្តសៀមរាបត្រូវស្លាប់ដែរ។

ដោយឡែកសម្ដេចបានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះគឺ សម្ដេច បានរស់រានមានជីវិត២៧ ឆ្នាំរួចមកហើយ ហើយសង្ឃឹមថានឹងរស់បានយ៉ាងហោចណាស់២៧ ឆ្នាំទៀត។