|

«រដ្ឋសភាកម្ពុជា ថ្កោលទោសអំពីហិង្សារបស់អាជ្ញាធរថៃដែលបានបង្កឲ្យពលរដ្ឋ ព្រះសង្ឃកម្ពុជារងរបួស ២៩ នាក់/អង្គ និងស្នើរឲ្យភាគគីថៃអនុវត្តបទឈប់បាញ់ ព្រមទាំងដោះលែងកងទ័ព ១៨នាក់ មកកម្ពុជាវិញ»


ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាព និងសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានអាជ្ញាធរថៃប្រើអំពើហិង្សា បណ្តាលឲ្យប្រជាជន និងព្រះសង្ឃចំនួន ២៩ នាក់/អង្គ រងរបួសធ្ងន់ស្រាល ខណៈពេលកំពុងធ្វើការទាមទារដោយសន្តិវិធីសម្រាប់ការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើត។ រដ្ឋសភាបានជូនពរដល់អ្នករងរបួសទាំងអស់ឲ្យបានជាសះស្បើយក្នុងពេលឆាប់ៗនេះ។

រដ្ឋសភាបានសម្ដែងការខកចិត្ត និងថ្កោលទោសយ៉ាងតឹងរឹងចំពោះភាគីថៃ ដែលបន្តរំលោភលើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងមិនគោរពដល់ការឯកភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC)។ រដ្ឋសភាបានគូសបញ្ជាក់ថា ទង្វើនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្ត និងការខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវសន្តិភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយឡែករដ្ឋសភាបានទទូចឲ្យភាគីថៃ ដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ នាក់ ដោយបន្ទាន់ និងគ្មានលក្ខខណ្ឌ។ នៅពេលដដែល សភាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តតាមដាន និងជំរុញការបង្កើតក្រុមសង្កេតការណ៍អាស៊ានឲ្យបានឆាប់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាព។

ជាថ្មីម្តងទៀត រដ្ឋសភាបានបញ្ជាក់ថា គាំទ្រយ៉ាងពេញទំហឹង និងមានជំនឿដ៏រឹងមាំលើចំណាត់ការត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិ សេរីភាព និងកិត្តិយសប្រជាជន តាមរយៈការទូត និងច្បាប់អន្តរជាតិ។

រដ្ឋសភាកម្ពុជាបានលើកឡើងថា សម្រាប់ជាតិកម្ពុជា គ្មានអ្វីសំខាន់ជាងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិសេរីភាពឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ច និងការលះបង់ ដើម្បីការពារជាតិមាតុភូមិ។

ប្រភព៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា