នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យម៉ាឡេស៊ីអន្តរាគមន៍ បន្ទាប់ពីមានការប៉ះទង្គិចរវាងកងកម្លាំងថៃ និងប្រជាពលរដ្ឋកម្ពុជា នៅព្រំដែនបន្ទាយមានជ័យ
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងស្ថានការណ៍តានតឹងកើតឡើងពេលថ្មីៗនេះ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំពោះស្ថានការណ៍នោះ បានបណ្តាលឱ្យកើតមានការប៉ះទង្គិចរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលធ្វើឱ្យមានការរងរបួសជាច្រើននាក់។

ដោយឡែកនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យឯកឧត្តម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង និងឱ្យភាគីទាំងពីររក្សាស្ថានភាពដដែល មិនឱ្យមានការរាយបន្លាលើសឡើង ឬសកម្មភាពណាមួយដែលអាចពង្រីកវិសាលភាពជម្លោះ។

កិច្ចពិភាក្សានេះ ក៏បានផ្តោតលើការរង់ចាំដំណោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការយល់ព្រមរួមរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។












