|

លម្ហបៃតង និងទំនាក់ទំនងឧស្សាហកម្ម៤.០ ក្នុងដំណើរយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល នៃនីតិកាលទី៦


ដោយ៖ សន ស្រីពេជ្រ

ក្នុងយុគសម័យទំនើបនេះ ការរីកចម្រើននៃបច្ចេកវិទ្យាកាន់តែកើនឡើងយ៉ាងខ្លាំង និងកំពុងបោះជំហានយ៉ាងសម្បើមឆ្ពោះទៅរកអនាគតកាល។ ជាពិសេសនោះ គឺការរីកចម្រើននៃដំណើរការឧស្សាហកម្ម៤.០ (ជាដំណើរការចាប់ផ្តើមនៃបដិវត្តន៍ឧស្សាហកម្មក្នុងកំឡុងទសវត្សទី១ នៃឆ្នាំ២០០០)។ ឧស្សាហកម្ម៤.០ចុងក្រោយនេះគេអោយឈ្មោះថា «រោងចក្រឆ្លាត» ដែលបានផ្លាស់ប្តូរបច្ចេកទេស ពីប្រព័ន្ធបង្កប់ទៅជាប្រព័ន្ធសម្ភារៈមានកម្មវិធីកុំព្យូទ័រគ្រប់គ្រង និងប្រព័ន្ធបច្ចេកវិទ្យាInternet។

យោងទៅលើរបាយការណ៍សិក្ខាសាលាសម្រាប់និស្សិតស្តីពី៖ Exploring Strategies and Concepts for Greening Spaces in Phnom Penh (ថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១)  ការរកដំណោះស្រាយដើម្បីអោយលម្ហបៃតងនៃទីក្រុងភ្នំពេញកាន់តែល្អ យើងត្រូវបង្កើនប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគណនាអំពីផលប៉ះពាល់ទាំងនោះ មានដូចជា ទម្រង់អាគារ ចន្លោះនៃគម្លាត គម្របរុក្ខជាតិ និងចរន្តខ្យល់អុកស៊ីសែនក្នុងការផ្គត់ផ្គង់។

ដោយសារបច្ចុប្បន្ននេះមាន ការកើនឡើងនៃចំនួនប្រជាជនជាពិសេសនៅទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាបេះដូង និងសរសៃឈាមនៃសេដ្ឋកិច្ច ទើបទាមទារឱ្យមានការអភិវឌ្ឍខ្លាំង  ដោយឡែកមានការសាងសង់អាគារមានការកើនឡើង ការកកស្ទះចរាចរណ៍ ការសង់រោងចក្រជាដើម ទើបទាមទារឱ្យទីក្រុងមានលម្ហបៃតងឱ្យច្រើនជាងនេះ ព្រោះបច្ចុប្បន្នយើងឃើញថា លម្ហបៃតងមានចំនួនតិចតួចនៅឡើយ។

តើលម្ហបៃតងជាអ្វី? វាមានទំនាក់ទំនងអ្វីជាមួយនឹងឧស្សាហកម្ម4.0? តើយើងត្រូវមានវិធានការអ្វីខ្លះដើម្បីស្ដារ លម្ហបៃតងឡើងវិញ? ថ្ងៃនេះ BRANDMEDIA នឹងនាំលោកអ្នកមកចួបជាមួយនឹងយុវនិស្សិតនិស្សិត១រូបដែលនឹងមកបង្ហាញលោកអ្នក អំពីប្រធានបទខាងលើ។

យុវនិស្សិតមានឈ្មោះថា បូ វីន ជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់ភូមិវិទ្យា (Department of Geography and Land Management) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានធ្វើការរៀបរាប់ថា៖

«លម្ហបៃតង (Green Space) ជាបណ្តុំទីប្រជុំជនមួយ ដែលពោរពេញទៅនគរូបនីយវិទ្យាធម្មជាតិបៃតង  ក្នុងដែនកំណត់មួយមានលម្ហខ្យល់ចេញចូលបានគ្រប់គ្រាន់។ ជាពិសេសនោះលម្ហ និងចន្លោះគម្លាតរវាងអាគារសំណង់មួយទៅអាគារសំណង់មួយទៀត  គឺមានលម្អរុក្ខជាតិដើមនិងរុក្ខជាតិវល្លិ៍ពណ៌បៃតងចម្រុះ។  លម្ហបៃតង  ជាតំបន់ទីប្រជុំជនដែលការកើនឡើងនៃCO2 (កាបូនឌីអុកស៊ីត)មានកម្រិតទាប និងបង្កើនO2 (អុកស៊ីសែន)វិញ។»

លោកបានបន្តទៀតថា ៖ «លម្ហបៃតង គឺមានសារៈសំខាន់ណាស់ក្នុងដំណើរការឧស្សាហកម្ម៤.០។ ដែលបច្ចុប្បន្ននេះ លម្ហបៃតងនៅទីប្រជុំជនកាន់តែមានតូចទៅៗ។ ជាពិសេសនៅទីក្រុងភ្នំពេញ ដោយសារការកើនឡើងនៃសំណង់នគរូបនីយកម្ម កំណើនប្រជាជន ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិបៃតងជាច្រើនរូបភាព។ ការអភិវឌ្ឍលម្ហបៃតងត្រូវប្រើបច្ចេកវិទ្យានៃការបង្កើតថ្មីដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន ដូចជាការគ្រប់គ្រងដោយកុំព្យូទ័រក្នុងការជួយពន្លឿននៃថាមពលកើតឡើង ការប្រើប្រាស់សូឡារ (Solar) គ្រឿងយន្តប្រើអគ្គីសនី និងការបញ្ជាយានដោយប្រើប្រព័ន្ធពីចម្ងាយ។»

លោកបានបន្ថែមថា ៖ «ក្នុងដំណើរការឧស្សាហកម្ម៤.០ គឺជាបច្ចេកវិទ្យាព័ត៌មានផ្សេងៗជួយដល់ លម្ហបៃតងច្រើនក្នុងការងើបឡើងវិញនៃជីវិតបរិស្ថានប្រកបដោយនិរន្តភាព។

ដំណើរការឧស្សាហកម្មមានការវិវត្តចំនួន៤ដំណាក់កាលរួចមកហើយដូចជា៖

  • ឧស្សាហកម្ម១.០ ៖ ដែលរកឃើញដំបូង នៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៧៨៤ សតវត្សទី១៨ ។ ដែលមានមានការកើតថាមពលដំបូង គឺថាមពលដើរដោយចំហាយទឹក និងថាមពលកម្មន្តសាល ដែលថាមពលទាំងនេះគេប្រើដើម្បីសម្រួលដល់មធ្យោបាយក្នុងការធ្វើដំណើរ។ (រថភ្លើងដើរដោយចំហាយទឹក និងដើរដោយការដុតធ្យូងថ្ម)
រូបភាព៖ LED Controls
  • ឧស្សាហកម្ម២.០ ៖ ចាប់ផ្តើមឡើងនៅឆ្នាំ១៨៧០ សតវត្សទី១៩ អូសបន្លាយរហូតដល់សតវត្សទី២០។ ដែលរុករកឃើញនូវថាមពលថ្មីផ្សេងៗ ដូចជាថាមពលអគ្គិសនី ថាមពលប្រេងកាត ឥន្ធនៈ និងឧស្ម័ន។
រូបភាព៖ Smoke photo created by wirestock – www.freepik.com
  • ឧស្សាហកម្ម៣.០ ៖ ដែលផ្ទុះឡើងនៅកំឡុងទសវត្សទី១៩៦០ ក្នុងនោះបានបង្ហាញពីរបកគំហើញនៃបច្ចេកវិទ្យាថ្មី ប្រព័ន្ធសារអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការបង្កើតរ៉ូបូត(Robot) គ្រឿងម៉ាស៊ីនដែលមានបំពាក់គ្រឿងអេឡិចត្រូនិក។
រូបភាព៖ lifeatimi
  • ឧស្សាហកម្ម៤.០ ៖ ជាដំណើរការចាប់ផ្តើមនៃបដិវត្តន៍ឧស្សាហកម្មក្នុងកំឡុងទសវត្សទី១ នៃឆ្នាំ២០០០ ។ ឧស្សាហកម្ម៤.០ចុងក្រោយនេះគេអោយឈ្មោះថា «រោងចក្រឆ្លាត» ដែលបានផ្លាស់ប្តូរបច្ចេកទេស ពីប្រព័ន្ធបង្កប់ទៅជាប្រព័ន្ធសម្ភារៈមានកម្មវិធីកុំព្យូទ័រគ្រប់គ្រង និងប្រព័ន្ធបច្ចេកវិទ្យាInternet។

នៅក្នុងដំណាក់កាល៤.០ចុងក្រោយនេះ គឺរាជរាដ្ឋាភិបាលបានកំណត់ចូលក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ។ ដែលស្ថិតនៅក្នុងចតុកោណទី២ មុំទី៣ គឺការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។

ដើម្បីបង្កើនលម្ហបៃតងឱ្យកាន់តែមានការអភិវឌ្ឍ៖

ក/. ត្រូវដាំដើមឈើឡើងវិញឱ្យបានគ្រប់ទីកន្លែង ដូចជានៅតាមទីសាធារណៈ ទីប្រជុំជន មន្ទីរពេទ្យ សាលារៀន ជាដើម។

ខ/. គ្រប់គ្រងកាកសំណល់ និងប្រព័ន្ធបង្ហូរលូទឹកស្អុយឱ្យបានរៀបរយដោយមិនបង្ហូរពាសវាលពាសកាល

គ/. បង្កើនការប្រើប្រាស់ថាមពល កើតឡើងវិញ (ថាមពលខ្យល់ ថាមពលព្រះអាទិត្យ ថាមពលអគ្គីសនី…)

ឃ/. តួនាទីរបស់អ្នកសាងសង់អគារ (ស្ថាបត្យករ វិស្វករ)ត្រូវគិតឱ្យបានស៊ីជម្រៅ អំពីទីតាំង ទំហំ អគារ ផ្ទៃដី និងប្រព័ន្ធលម្ហខ្យល់។ល។»

លម្ហបៃតងជាទីតាំងមួយដែលគេកំណត់ធ្វើនៅទីក្រុង  ទីប្រជុំជន ឬតំបន់ឧស្សាហកម្មបញ្ចេញផ្សែងពុល  ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅ និងជួយបង្កើនប្រព័ន្ធខ្យល់ដង្ហើមល្អ។ ជាពិសេសនិស្សិតគួរយកចិត្តទុកដាក់ ក៏ដូចជាសិក្សាអំពីលម្ហបៃតងនេះឱ្យបានស៊ីជម្រៅ ដើម្បីឱ្យប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍ។

កែសម្រួលដោយ៖ BRANDMEDIA