រថយន្តក្រុង ៤៩៧ គ្រឿង ត្រូវបានត្រៀមរួចរាល់សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅស្រុកកំណើត និងត្រឡប់វិញ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ!


សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់គោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំ រថយន្តក្រុងឥតគិតថ្លៃ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ។

តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មានការរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧ គ្រឿង ដែលក្នុងនោះ៖ ១០០ គ្រឿង ប្រើសម្រាប់សេវាដឹកជញ្ជូនប្រចាំថ្ងៃ និង Airport Express Bus។ ៤៩៧ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅស្រុកកំណើត និងត្រឡប់វិញ តាមខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ជារួមសេវានេះនឹងប្រើប្រាស់រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៥ ខែកញ្ញា ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការរៀបចំនេះ នឹងជួយសម្រួល និងសម្រាលបន្ទុកចំណាយដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ។