|

អត្តបទវិភាគ៖ ប្រលានយន្តហោះអន្តរជាតិតេជោ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា


ថ្ងៃទី ៩ កញ្ញា ២០២៥ ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ដោយក្នុងការបើកឲ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ អាកាសយាន្តដ្ឋាននេះ មានស្តង់ដារ ខ្នាតយក្សប្រភេទ 4F ស្របតាមអង្គការអាកាសយានដ្ឋានស៊ីវិលអន្តរជាតិ (ICAO) អាចទទួលយកយន្តហោះធំៗជាច្រើន និងជើងហោះហើរអន្តរជាតិពីគ្រប់ទិសទិសផងដែរ។ នេះគឺជាចំណុចដ៏អស្ចារ្យមួយសម្រាប់កម្ពុជា បង្ហាញពីសក្តានុពល ក្នុងការបើកចំហរជើងមេឃសម្រាប់ផ្សារភ្ជាប់អាកាសចរណ៍ក្នុងតំបន់ ក្រៅតំបន់ និងមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍ មានទិសដៅច្បាស់លាស់។

អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថានឹងក្លាយជាអាកាសយានដ្ឋានបៃតងសកល ដោយអនុវត្ត ការរចនានិងបច្ចេកវិទ្យាដែលមាននិរន្តរភាព ។ដំណាក់កាលទី១ អាចទទួលអ្នកដំណើររហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយក្នុងដំណាក់កាលបន្ទាប់ នឹងពង្រីកសមត្ថភាពទៅដល់ ៣០ លាននាក់ នេះបង្ហាញពីចក្ខុវិស័យយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការទទួលបានអាកាសយានដ្ឋានសម័យថ្មី ដែលអាចពង្រីក និងអភិវឌ្ឍជាបន្តបន្ទាប់ ហើយអាកាសយានដ្ឋានអន្តរជាតិតេជោនឹងជួយពង្រីកច្រកចូលថ្មីសម្រាប់កម្ពុជា ទាំងសមត្ថភាពទទួលភ្ញៀវ និងការលើកកម្ពស់ផ្នែកទេសចរណ៍ ព្រមទាំងជាដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដោយឡែកការបើកដំណើរការអាកាសយាន្តដ្ឋានថ្មីនេះ នឹងបង្កើតឱកាសការងារជាច្រើន សម្រាប់កម្លាំងពលកម្មក្នុងស្រុក ទាំងផ្នែកបច្ចេកទេស សេវាកម្ម និងការគ្រប់គ្រង។ វានឹងជួយលើកកម្ពស់ជំនាញ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃគោលការណ៍រដ្ឋាភិបាលក្នុងការកែលម្អជីវភាពសង្គម។

ជាមួយគ្នានេះអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់លើស្តង់ដារអន្តរជាតិ សុវត្ថិភាព និងបរិស្ថាន។ គម្រោងនេះគោរពតាមគោលការណ៍ “Green Airport” ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបង្កើនប្រសិទ្ធភាពសេវាកម្ម។

ជាមួយគ្នានេះដែរ នេះជាទីតាំងយុទ្ធសាស្រ្តរបស់ភ្នំពេញ ដែលស្ថិតនៅចន្លោះប្រទេសសំខាន់ៗក្នុងអាស៊ីអាគ្នេយ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាតំបន់ អាកាសចរណ៍ថ្មី សម្រាប់ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក នេះបង្ហាញពីឱកាសដ៏អំណោយផលសម្រាប់ពង្រឹងទំនាក់ទំនងនយោបាយ ការទូត និងអភិវឌ្ឍឧស្សាហកម្មពាណិជ្ជកម្ម និងសេវាកម្ម។

តាមរយៈដំណើរការឆ្ពោះទៅមុខជាបន្តបន្ទាប់ អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនត្រឹមតែជាគម្រោងស្ថាបត្យកម្មធំៗប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសក្តានុពលរបស់កម្ពុជា និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមអភិវឌ្ឍវិស័យសំខាន់ៗទាំងអស់ រួមទាំងសេដ្ឋកិច្ច ទេសចរណ៍ វិស័យការងារ និងការភ្ជាប់អន្តរជាតិឲ្យកាន់តែទូលំទូលាយ នេះជាសញ្ញាបញ្ជាក់ថា កម្ពុជា កំពុងឈានទៅមុខដើម្បីក្លាយជាប្រទេសមានសមត្ថភាព ប្រកួតប្រជែង និងមានទំនុកចិត្តកាន់តែខ្ពស់ក្នុងពិភពលោក។