ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រចាំកម្ពុជា បានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ
នៅក្នុងជំនួបជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជាបានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ឯកឧត្តម ជូនសម្តេចតេជោ។ ឯកឧត្តម ក៏ បានពាំនាំនូវសារជាពិសេសរបស់ ឯកឧត្តម Kay Rala Xanana Gusmão ដែលថា “ឯកឧត្តមនាយករដ្ឋមន្រ្តី ចងចាំមិនភ្លេចនូវអនុសាសន៍របស់សម្តេចក្នុងការធ្វើការងារជាមួយអង្គការសហប្រជាជាតិ”។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ឯកឧត្តម បានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានពាំនាំនូវសំណើរបស់លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមទំនាក់ទំនងមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។















